នាវាទេសចរណ៍ ២ គ្រឿងដែលមានភ្ញៀវបរទេសចម្រុះជាតិសាសន៍ជាង ២ ០០០នាក់បានចូលសំចតតាមច្រកកំពង់ផែសមុទ្រខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈនេះ។



មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាខ្នាតយក្សចំនួន ២គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើនពាន់នាក់ មកចូលសំចត ធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ ដោយមានការទទួលស្វាគមន៍ពីក្រុមឆៃយ៉ាំផងដែរ និងក្រុមការងារជាច្រើនផងនោះ ភ្ញៀវម្នាក់ៗមើលទៅតាមទឹកមុខពិតជាសប្បាយរីករាយខ្លាំង ពេលមកដល់កម្ពុជា។
នាវាទី១ ឈ្មោះ NOORDAM សញ្ជាតិហូឡង់ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១ ៩០៩ នាក់ ក្នុងនោះស្រី ៩៨៣ នាក់ ស្មើនឹង ៤២ សញ្ជាតិ និងមាននាវិកសរុប ៧៨៥ នាក់ ដោយស្រី ១៣៩ នាក់ ស្មើនឹង ៣៩ សញ្ជាតិ។ NOORDAM បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម៉ោង២១ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។ ភ្ញៀវទេសចរធ្វើដំណើរតាមនាវា NOORDAM មានសញ្ជាតិច្រើនជាងគេគឺអាមេរិក ៩២៥ នាក់។ ភ្ញៀវទេសចរចុះពីនាវាចេញទៅកម្សាន្តនៅអង្គរ ខេត្តសៀមរាប ៤០ នាក់ ស្រី ២៣ នាក់ ស្មើនឹង៦ សញ្ជាតិ។

ចំណែកនាវាទេសចរណ៍ទី២ ឈ្មោះ ZHAO SHANG YIDUN របស់ប្រទេសចិន មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ២៦៣ នាក់ ក្នុងនោះមានស្រី ១៤៣ នាក់ និងមាន ២១ សញ្ជាតិ ព្រមជាមួយ នាវិក ៣៥០ នាក់ ស្រី ៩៩ នាក់ ស្មើនឹង ១ សញ្ជាតិ។ នាវា ZHAO SHANG YIDUN បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីម៉ោង៨៖៥០ នាទី និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់វៀតណាម ម៉ោង ២២ ថ្ងៃនេះ។ ភ្ញៀវបរទេសធ្វើដំណើរតាមនាវា ZHAO SHANG YIDUN មានសញ្ជាតិជប៉ុនច្រើនជាងគេពោលគឺរហូតទៅដល់ ១៦៦ នាក់។
បើតាមមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរកម្សាន្តក្នុងខេត្តព្រះសីហនុនៅភូមិនេសាទទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើក្រុងព្រះសីហនុ តំបន់ទេសចរណ៍មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌ដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណក្នុងក្រុងព្រះសីហនុ។ តំបន់អភិឌ្ឍន៍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ឃុំរាម ស្រុកព្រៃនប់៕






អត្ថបទ៖ មេរ៉ា, រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ