សេដ្ឋីនីអនឡាញតាំងខ្លួនជាមហេសីព្រះបាទជ័យវរ្ម័នទី៧ នឹងត្រូវក្រសួងពាក់ព័ន្ធកោះហៅឆាប់ៗ

កាលពី​ម្សិលមិញ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​ពាក់ព័ន្ធ​ត្រៀម​នឹង​កោះហៅ​បុគ្គល ឬ​អ្នក​លក់​អនឡាញ​ណា​ដែល​តាំង​ខ្លួនឯង​ជា​ព្រះ​មហេសី​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ចូល​បង្ហាញខ្លួន​ឆាប់ៗ ក្រោយ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​មហាជន។

តាមដានជាមួយយើង៖ Million Times

លោក​ស្រី ញ៉ែម មរកត បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ភ្ជាប់​មក​ជាមួយ​រូបភាព​អ្នក​ជំនួញ​អន​ឡាញ​ល្បាញល្បី Love Riya ដែល​មួយ​រយៈ​នេះ​ចូលចិត្ត​ធ្វើ​​ទីផ្សារភ្ជាប់​យក​បុគ្គល​មាន​យសស័ក្ដិ​ពី​ជំនាន់​មុន។

រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​បន្ត​ទៀត​ថា អ្នក​រក​ស៊ី​រកស៊ី​កុំ​ចេះ​តែ​បែក​ឆ្វេង​តាំង​ខ្លួន​ជា​បារមី​នេះ បារមី​នោះ​កាន់ ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ក្រុម​ខ្លួន ហើយ​មក​បន្ទាប​បន្ថោក​កិត្យានុភាព​ជាតិ សាសនា វីរ​បុរស វីរ​ស្ត្រី​ជា​ដូនតា​ជំនាន់​មុន។ ការ​លើក​ឡើង​ចំ​ៗ​នេះ គឺ​សំដៅ​លើ​អ្នក​ជំនួញ​អនឡាញ Love Riya ដែល​មាន​ឈ្មោះ​ពិត ឆេង ស្រីរ័ត្ន ដែល​ចូលចិត្ត​និយាយ​ក្នុង​វីដេអូ​ថា លោកស្រី​គឺ​អ្នក​មាន​បុណ្យបារមី ឬ​ថា​ជា​មហេសី​អង្គ​វីរ​ក្សត្រ​ជំនាន់​មុន ​មក​ចាប់​កំណើត។

លោក​ស្រី ញ៉ែម មរកត បាន​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហេសី​ព្រះអង្គ​ត្រៀម​ខ្លួន​ទៅ ព្រោះ​ថា​ក្រសួង​ពាក់ព័ន្ធ​នឹង​អញ្ជើញ​ទៅ​បង្ហាញ​ខ្លួន​ឆាប់​ៗ​ហើយ។

ម្ចាស់​ប្រេន Love Riya ដែល​គេ​ស្គាល់​ថា​ជា​បុគ្គល​ចូលចិត្ត​សំញែង​ភាព​ហ៊ឺហា​តាម​បណ្ដាញ​សង្គម មួយរយៈនេះ​តែងតែ​អះអាង​ថា​ខ្លួន​នាង គឺជា​អ្នក​នេះ ឬ​អ្នក​នោះ​មក​ចាប់​កំណើត ទើប​ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​មិន​ពេញ​ចិត្ត ព្រោះ​ប៉ះពាល់​ដល់​ដូនតា​ខ្មែរ ដែរ​ជា​អ្នក​មាន​ពូជពង្ស​ថ្លៃថ្នូរ។

គួរ​បញ្ជាក់​ដែរ​ថា មិនមែន​មាន​តែ Love Riya ម្នាក់​ឡើយ ដែល​ធ្វើ​រឿង​អស់​ទាំង​នោះ នៅ​មាន​បុគ្គល​ដទៃ​ទៀត ដើរ​ឃោសនា​ថា​ខ្លួន​ជា​ព្រះ ឬ​អ្នក​មាន​បុណ្យ​មក​ចាប់​កំណើត៕

អត្ថបទ៖មេរ៉ា, រូបភាព៖ Morokat Nhem