គូស្វាមីភរិយាអភិជនល្បីសមគ្នាខ្លាំងបំផុតនៃត្រកូលអ្នកជំនួញ ជីប ម៉ុង នៅតែស្ថិតក្នុងក្រសែភ្នែកមហាជន

បើ​ទោះ​ជា​ចៅ​ប្រុស​របស់​មហា​សេដ្ឋីនី ភាព ហៀក ស្ថាបនិក ជីប ម៉ុង Group រៀបការ​ជាមួយ​ចៅ​ស្រីលោក ជា សុផារ៉ា មន្រ្តីជាន់ខ្ពស់លេចធ្លោ​មួយ​រូបនៅ​ក្នុង​ជួររាជរដ្ឋាភិបាល​កម្ពុជា បាន​ជាង ២ ឆ្នាំ​មក​ហើយ​ក្ដី តែ​មហាជន​នៅតែ​តាម​ដាន​រឿងរ៉ាវ​ផ្សេង​ៗ​នៃ​ជីវិត​គូអ្នក​ទាំង ២។

តាមដានជាមួយយើង៖ Million Times

ខុស​ពី​គូ​អភិជន​ដទៃ​ដែល​ទោះ​ជា​រៀបការ​ផ្អើល​អស់​ស្រុក​ខ្មែរ​​ដូច​គ្នា​ក៏​ពិត​មែន តែ​ចៅ​ប្រុស​ថៅកែ ជីប ម៉ុង គឺលោក អ៊ឹង ឫទ្ធី និង​អ្នកនាង ផន សុផានីសា នៅតែ​ជា​បុគ្គល​ល្បី​ឈ្មោះ និង​មាន​អ្នក​តាមដាន​មិន​ដាច់​សោះ ឲ្យតែ​បង្ហាញ​ខ្លួន​តាម​កម្មវិធី​ម្ដងៗ។

ជាក់​ស្ដែង​ដូច​កាល​ថ្ងៃ​ដាក់​សម្ពោធ​ជា​ផ្លូវការទូរស័ព្ទ​ស៊េរី​ទំបើប Galaxy S25 ​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ឬ​អាច​ហៅ​បាន​ថា កម្ម​វិធី​មុខ​ជំនួញ​របស់​គ្រួសារ វត្តមាន ឫទ្ធី និង នីសា ធ្វើឲ្យ​អ្នក​ដែល​ទៅ​ចូល​រួម ចោមរោម​សុំ​ថត​រូប​ជាមួយ​យ៉ាង​ជុំជិត។ មួយ​វិញ​ទៀត មួយ​រយៈ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ប្ដីប្រពន្ធ​ដ៏​សម​គ្នា​មួយ​គូ​នេះ តែងតែ​បង្ហាញ​ខ្លួន​ញឹកញាប់ ឲ្យតែ​ជាកម្មវិធី​នៃ​​មុខ​ជំនួញ​របស់​ក្រុម​ហ៊ុន ជីប ម៉ុង។

ក្រឡេក​ទៅ​មើល​មើល​កម្មវិធី Gumball 3000 កាលពី​ឆ្នាំ ២០២៤ កន្លង​ទៅ លោក អ៊ឹង ឫទ្ធី និង​អ្នកនាង ផន សុផានីសា ក៏​បាន​ចូលរួម​ដូច​គ្នា​ដែរ ហើយ​ក៏​មាន​អ្នក​គាំទ្រ ដែល​ស្រលាញ់​ចូល​ចិត្ត​គូ​ស្វាមី​អ្នក​ទាំង ២ ទៅ​សុំ​ថត​ជាមួយ មិន​ខុស​ពី​តារា​ល្បី​ៗ​ឡើយ។

អ្នក​ដែល​បាន​តាមដាន​ជីវិត​គូ​ស្នេហ៍​អភិជន​នេះ តែងតែ​លើក​ឡើង​ស្រដៀង​គ្នា​ថា ចៅ​ប្រុស និង​ចៅ​ប្រសា​ស្រី​នៃ​ត្រកូល​អ្នក​ជំនួញ​ដ៏កំពូល ជីប ម៉ុង មាន​ឫកពា​ថ្លៃ​ថ្នូរ មិន​ប្រកាន់​ខ្លួន ញញឹមញញែម ឱនលំទោន​ចំពោះ​អ្នក​ដទៃ​ជានិច្ច។ មិន​តែ​ប៉ុណ្ណេះ ២ នាក់​ប្ដី​ប្រពន្ធ​គូ​នេះ មើល​ទៅ​សាមញ្ញ​ខ្លាំង​ណាស់ បែបនេះ​ហើយ​ទើប​ទាក់ទាញ​មហាជន​ឲ្យ​ចូល​ចិត្ត​មិន​ប្រែ។

ជា​គូ​ស្នេហ៍ដែល​មាន​ព្រម​​ទាំង​រូប​សម្បត្តិ ចំណេះដឹង បែបនេះ​ហើយ​ទើប​អ្នក​ដែល​និយម​តាមដាន​កម្មវិធី​អភិជន តែង​ពោល​ថា អ្នក​ទាំង ២ គឺជា​គូ​ដ៏ស័ក្តិសម​បំផុត។ មួយ​វិញ​ទៀត​​មហា​សេដ្ឋីនី ភាព ហៀក មាន​ចៅ​ប្រុស​ស្រីជាច្រើនបាន​រៀប​មង្គលការ​យ៉ាង​ធំ និង​កក្រើក​ក្រុង​ភ្នំពេញ​ដូចគ្នា តែ​គូឫទ្ធី-នីសា នេះ មាន​ការ​គាំទ្រ និង​កោតសរសើរ​ តាំងពី​ថ្ងៃមង្គលជ័យ រហូត​មក​ទល់​ពេល​នេះ៕

អត្ថបទ៖ មេរ៉ា, រូបភាព Samsung