ដើមខែ២ ផ្លូវថ្មើរជើងតាមមាត់ទន្លេចាប់ពីមុខប្រៃសណីយ៍ ដល់មុខវាំងនឹងបើកដំណើរការសាកល្បង

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា នឹង​បើក​ដំណើរការ​សាកល្បង​ផ្លូវ​ថ្មើរ​ជើង (Walk street) តាម​បណ្ដោយ​មាត់​ទន្លេ ចាប់ពី​មុខ​ប្រៃសណីយ៍​កម្ពុជា រហូត​ដល់​មុខ​ព្រះ​បរម​រាជវាំង នៅថ្ងៃ១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ខាង​មុខ​នេះ។

តាមដានជាមួយយើង៖ Million Times

ផ្លូវ​ថ្មើរ​ជើង (Walk street) តាម​បណ្ដោយ​មាត់​ទន្លេ​ចាប់​ពី​មុខ​ប្រៃសណីយ៍​កម្ពុជា រហូត​ដល់​មុខ​ព្រះបរមរាជវាំង (ផ្លូវ​លេខ​២៤០) នឹង​ដំណើរការ​សាកល្បង​នា​ដើម​ខែ​កុម្ភៈ ដោយ​ដំណើរ​ការ​មួយ​សប្ដាហ៍ ​២ថ្ងៃ​ គឺមាន​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង ២៣:០០។

កិច្ចប្រជុំ​ទាក់ទង​នឹង​គម្រោង​នោះដឹកនាំ​ដោយ​ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មាន​ការ​ចូលរួម​ពី​តំណាង​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀលថ្ងៃទី២៩ ខែ​មករា ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​រៀបចំ​ផ្លូវ​ថ្មើរជើង (Walkstreet)។

លោក ឃួង ស្រេង បាន​ឲ្យ​ដឹង​ថា ផ្លូវ​ថ្មើរជើង​នោះ មាន​គម្រោង​ជា​យូរ​មក​ហើយ តាំងពី ឆ្នាំ ២០១៩ មក​ម្ល៉េះ តែ​ដោយសារ​​វិបត្តិ​ជំងឺ​កូវីដ-១៩ ធ្វើ​ឲ្យ​គម្រោង​ផ្អាក​ដំណើរ​ការ​សិន។ បន្ទាប់ពី​មានការ ណែនាំ​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ ការងារ​ឲ្យ​ផ្លូវ​ថ្មើរជើង​នេះ ដំណើរ​ការ​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិមក​លេង​កម្សាន្ត​ឲ្យ​បាន​ច្រើន។

គម្រោង​ផ្លូវ​ថ្មើរ​ជើង (Walk street) ដំណើរការ នឹង​ត្រូវ​បិទ​ចរាចរណ៍​យាន​ជំនិះ​គ្រប់​ប្រភេទ រៀបចំ​បង្គន់​អនាម័យ និង​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​ការ​លក់ដូរ​នៅ​លើ​តម្រាយ​ផ្លូវ​នោះ​ឲ្យ​បាន​ល្អ។ មុន​​ថ្ងៃ​បើក នា​ថ្ងៃ​១ ខែ​កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​ជូន​ដំណឹង ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ឲ្យ​បាន​យល់​ពី​គម្រោង​ផ្លូវ​ថ្មើរ​ជើង។

អាជ្ញាធរត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ដោយ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ កុំ​ឲ្យ​យាន​យន្ត​ចូល ពេល​បើក​ដំណើរការ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ