កាលពីថ្ងៃទី១៧ ខែមករា សារព័ត៌មាន VNExpress បានចុះផ្សាយថា កូនប្រុសទី២ របស់កំពូលមហាសេដ្ឋីមានបំផុតប្រចាំប្រទេសវៀតណាម Pham Nhat Vuong គឺលោក Pham Nhat Minh Hoang បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ ដែលធ្លាប់ប្រលងកម្មវិធីបវរកញ្ញា Miss Worl Vietnam ឆ្នាំ២០២២។


អតីតបវរកញ្ញារូបនេះមានឈ្មោះថា Nguyen Phuong Nhi មកពីគ្រួសារមានជីវភាពសមរម្យ ដោយឪពុកម្ដាយជាអាជីវករ មានហាងលក់គ្រឿងសម្ភារៈផ្ទះបាយក្នុងទីក្រុង Thanh Hoa។
អនាគតកូនប្រសារកំពូលមហាសេដ្ឋីមានបំផុតនៅវៀតណាម ធ្លាប់ទទួលបានជ័យលាភីលេខ២ ជាបវរកញ្ញាល្អឯកក្នុងកម្មវិធី Miss World Vietnam ឆ្នាំ២០២២ ហើយធ្លាប់ជាអ្នកតំណាងប្រទេសវៀតណាម ក្នុងកម្មវិធី Miss International ក្នុងឆ្នាំ២០២៣ និងជាប់ចំណាត់ថ្នាក់ Top 15 ទូទាំងពិភពលោកផងដែរ។
ចំណែកឯគូដណ្ដឹងរបស់នាង គឺលោក Hoang មានវ័យ ២៥ឆ្នាំ គឺជាប្រធានក្រុមហ៊ុនយានយន្តមួយ និងជាអ្នកមើលការខុសត្រូវក្រុមហ៊ុនមួយចំនួនទៀត ក្រោមការបញ្ជាពីឪពុក។ កម្មវិធីភ្ជាប់ពាក្យរបស់អ្នកទាំង២ ត្រូវបានធ្វើឡើងភ្លូកទឹកភ្លូកដីក្នុងទីក្រុង Thanh Hoa កាលពីថ្ងៃពុធ ទី១៥ ខែមករា ក្រោមការចូលរួមពីចាស់ទុំទាំងសងខាង៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress