បងប្អូនស្រីថៅកែហាងពេជ្រ CBVH ត្រូវបានកាសែតល្បី Prestige ចាត់ទុកជាស្ត្រីឆ្នើមក្នុងវិស័យជំនួញ

ថៅកែហាងពេជ្រ ជាង បាក់ វណ្ណ ហុង (CBVH) អ្នកស្រី អ៊ឹមផាន វណ្ណឌី និងប្អូនស្រី អ៊ឹមផាន វណ្ណដា ត្រូវបានកាសែតដ៏ល្បី Prestige ដែលចុះផ្សាយតែពីបុគ្គលល្បីៗ និងអភិជន ចាត់ទុកអ្នកទាំង២ ជាស្ត្រីឆ្នើមក្នុងវិស័យជំនួញនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

កាសែត Prestige បានលើកឡើងថា លោកស្រី វណ្ណឌី បានកើតក្នុងឆ្នាំ១៩៨២ នៅខេត្តកំពត តែធំធាត់ដឹងក្ដីនៅក្នុងខេត្តសៀមរាប ពេលគ្រួសារលោកស្រី ផ្លាស់ទីលំនៅដើម្បីស្វែងរកឱកាសរកស៊ីថ្មីៗ។

ក្នុងវ័យ ១៦ឆ្នាំ លោកស្រីបានរៀបអាពាហ៍ពិពាហ៍ និងបានផ្លាស់ទីលំនៅមកទីក្រុងភ្នំពេញ ស្វែងរកឱកាសរកស៊ីក្នុងទីក្រុងដ៏ឡូយឆាយ ជាមួយស្វាមីមានអាជីពជាជាងមាស។ មកដល់ភ្នំពេញភ្លាម ម្ដាយលោកស្រីលើកទឹកចិត្តឲ្យលោកស្រីរៀនជំនាញទាក់ទងផ្នែកគណនេយ្យ ដើម្បីជួយដល់ការពង្រីកអាជីវកម្មជាងមាសរបស់ស្វាមី។

ដោយសារការចាប់ដៃរកស៊ីជាមួយស្វាមីយ៉ាងស្វិតស្វាញ អ្នកស្រីបានបង្កើតហាងលក់គ្រឿងអលង្ការមួយក្នុងឆ្នាំ១៩៩៨ ដោយដាក់ឈ្មោះថា ជាង បាក់ វណ្ណ ហុង (CBVH) ជាមួយចក្ខុវិស័យចង់ផលិតគ្រឿងអលង្ការខ្មែរ ឲ្យមានភាពល្បីរន្ទឺដូចប្រេនធំៗ រួមមាន Bulgari, Cartier និង Tiffany and Co ជាដើម។

មូលហេតុដែលជំរុញឲ្យលោកស្រីដាក់ក្ដីស្រមៃបែបនេះ គឺដោយសារមើលឃើញថា ប្រជាជនខ្មែរមានទំនោរស្រឡាញ់គ្រឿងអលង្ការ ជាពិសេសក្នុងកម្មវិធីមង្គលការ ដោយកូនក្រមុំខ្លះ ផ្លាស់ប្ដូរគ្រឿងអលង្ការ ៣ ទៅ ៤ឈុតឯណោះក្នុងមួយថ្ងៃ។

ពេលបើកហាងពេជ្រដំបូងៗ លោកស្រីមានបុគ្គលិកតែ ៥នាក់ប៉ុណ្ណោះ តែដោយសារទឹកដៃស្វាមី ដែលមានទេពកោសល្យយ៉ាងល្អ បានធ្វើឲ្យហាងលោកស្រីសន្សំម៉ូយបានច្រើន រហូតដល់ពង្រីកសាខាច្រើនកន្លែង។

ស្នាដៃមួយរបស់លោកស្រីដែលធ្វើឲ្យល្បីខ្ចរខ្ចាយ គឺការច្នៃគ្រឿងអលង្ការជារូបរាងផ្ការំដួល ដែលជាផ្កាតំណាងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ដោយដំបូងឡើយលោកស្រីបង្កើតជាកន្លាស់អាវ និងស្នៀតសក់ ហើយក្រោយមកទៀតទើបបង្កើតជាឈុតអលង្ការធំៗដូចជាខ្សែករ ខ្សែដៃជាដើម។

លោកស្រីបាននិយាយថា «ថ្វីបើផ្ការំដួល CBVH នៅលើខ្សែកគ្មានក្លិនក្រអូប តែវានឹងរក្សាបាននូវភាពស្រស់ស្អាតពេញមួយជីវិត»។

ចំណែកឯអ្នកស្រី អ៊ឹមផាន វណ្ណដា ដែលជាប្អូនស្រីវិញ ក៏រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកអាជីវកម្មហាងពេជ្រយ៉ាងធំទូលាយផងដែរ ដោយផ្អែកលើបទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុ ១៧ឆ្នាំ លោកស្រីបានជួយដល់មុខជំនួញបែបគ្រួសារមួយនេះខ្លាំងមែនទែន។ មិនតែប៉ុណ្ណោះ លោកស្រីក៏ជាអ្នករចនាម៉ូដ និងឌីហ្សាញម៉ូដគ្រឿងអលង្ការស្រស់ស្អាតផងដែរ។

បងប្អូនស្រីថៅកែហាងពេជ្រ CBVH ទាំង២ មានគោលបំណងចង់បង្កើតរោងចក្រផលិតគ្រឿងអលង្ការ ដែលអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន ទីផ្សារអាស៊ី អូស្ត្រាលី និងអាមេរិក ក្នុងនាមជាអ្នកលក់បោះដុំថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ Prestige / Instagram ហាង CBVH