អ្នកនិពន្ធ សំ សុខនឿន៖ «ជីវិត​ដែល​មាន​គ្រឹះ​ល្អ ទើប​អាច​រឹងមាំ​ទៅថ្ងៃមុខបាន»

មហាជន​ដែល​ជា​អ្នក​តាមដាន​វិស័យ​អចលនទ្រព្យ​ប្រហែល​ជា​ស្គាល់​អ្នក​ឧកញ៉ា​បណ្ឌិត សំ សុខនឿន ហើយ។ ​មនុស្សជា​ច្រើន​មិន​សូវ​ជា​បាន​ដឹង​ពី​ប្រវត្តិ និង​ការ​ខិតខំ​របស់​អ្នក​ជំនួញ​​រូប​នេះ​ឡើយ ហើយ​មួយ​ចំនួន​គិត​ថា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SAM SN Group ​ស្ថិតនៅវ័យក្មេង​ប៉ុន្តែពោរពេញដោយបទពិសោធន៍​ជិត ២០ឆ្នាំ​ក្នុង​អាជីវកម្មអចលនទ្រព្យ។

លើកឡើងក្នុង​វីដេអូ​កម្មវិធី The Millionaire ក្នុង EPISODE 1ម្ចាស់​ស្នាដៃ​សៀវភៅ «គ្រឹះ​នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ» បាន​រៀបរាប់​ឲ្យ​ដឹង​ខ្លះ​ៗ​ពី​ការ​តស៊ូ និង​ពេល​ចេញ​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​អចលនទ្រព្យ​នេះ​ថា លោក​ចប់​បាក់ឌុប​តាំងពី​ឆ្នាំ ២០០៦ ហើយ​ពេល​រៀន​ឆ្នាំ​ទី​២ អ្នក​ឧកញ៉ា​ក៏​បាន​ចេញ​មក​ប្រឡូក​ក្នុង​វិស័យ​នោះ​បាត់​ទៅ​ហើយ។

តាមដានជាមួយយើង៖ Million Times

រយៈពេល​ជិត ២០ ឆ្នាំ​ចេញ​ប្រឡូក​ការងារ​អចលនទ្រព្យ​នេះ លោក​សន្សំ​ពេលវេលា​មក​ច្រើន​ណាស់ ទម្រាំ​តែ​អាច​ដើរ​មក​ដល់​ជំហាន​រាល់ថ្ងៃ​នេះ​បាន។ ដោយ​កកើត​ពី​ការ​ចេញ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ធ្វើ​ជា​អ្នក​បកប្រែ​ឲ្យ​បរទេស និង​ចេញ​ធ្វើការ​ដំបូង​ផ្នែក​អចលនទ្រព្យ​នេះ​តែ​ម្ដង។ ដូចនេះ​ហើយ កវី​និពន្ធ​សៀវភៅ​បាន​បញ្ជាក់​ថា អ្វី​ៗ​ត្រូវការ​ពេលវេលា​រៀន​សូត្រ។

សម្រាប់​សៀវភៅ  «គ្រឹះ​នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ»  អ្នក​ឧកញ៉ា បាន​បញ្ជាក់​ច្បាស់​គ្មាន​ទំព័រ​ណា​​យក​ចេញ​ពី​មេរៀន​ដែល​គ្រូ​ដាក់​ឲ្យ ឬ​សៀវភៅ​ដទៃ​ទៀត​ឡើយ។ តែ​កើត​ចេញ​ពី​បទ​ពិសោធ​ជួប​មក​ជិត ២ ទសវត្សរ៍ ទើប​អាច​កកើត​បាន​ជា​សម្រង់​សម្ដី និង​គន្លឹះ​ផ្សេង​ៗ​បាន​មក​ពី​ការ​អនុវត្ត​ជាក់ស្ដែង​កន្លង​មក​ទាំងអស់។ 

អ្នក​ឧកញ៉ា សំ សុខនឿន បាន​ចងក្រង​មេរៀន​ដែល​កើត​ចេញ​ពី​ការ​សន្សំ​ចំណេះ​ជំនាញ ទើប​ចេញ​ជា​រូបរាង​​សៀវភៅ «គ្រឹះ​នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ»។ ឃ្លា​ដ៏​មាន​ន័យ​មួយ​ក្នុង​វីដេអូ​កម្មវិធី The Millionaire ក្នុង EPISODE 1 លោក​បណ្ឌិត​បាន​លើក​ឡើង​ថា មនុស្ស​គ្រប់​គ្នា​ត្រូវ​មាន​គ្រឹះ ទើប​អាច​ទៅ​មុខ​ជោគជ័យ​បាន មិនមែន១ ថ្ងៃ ហើយ​មិនមែន ១ ឆ្នាំ​ដែរ។ 

លោក​បន្ថែម​ទៀត​ថា ជីវិត​ដែល​មាន​គ្រឹះ​ល្អ ទើប​អាច​រឹងមាំ​ទៅ​មុខ​បាន។ គ្រឹះ​នៃ​ជីវិត​មាន​ច្រើន​យ៉ាង​ណាស់​រាប់​បញ្ជូន​ទាំង​របៀប​ទំនាក់ទំនង ការ​គិត ភាព​ស្មោះត្រង់ ការ​តស៊ូ ភាព​អត់ធ្មត់ ដែល​ទាំងអស់​នោះ​ជា​ស្ពាន​ទៅ​រក​អនាគត​ត្រចះត្រចង់​បាន។ បណ្ឌិត​រូប​នេះ​លើក​ឡើង​ឧទាហរណ៍​ជាក់ស្ដែង​ថា បច្ចុប្បន្ន​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ធ្វើ​អ្វី ដោយ​ប្រើ​ពេល​ខ្លី ទាំង​គ្មាន​បទ​ពិសោធ ដូចជា​ឃើញ​គេ​លក់​អនឡាញ ទៅ​លក់​ដូច​គេ​ដែរ ឬ​ឃើញ​គេ​ទៅ​ធ្វើ​ពលករ​នៅ​បរទេស មាន​បាន  បែរជា​បែក​គំនិត​ឈប់​រៀន​ទៅ​ធ្វើ​ដូច​គេ។ 

ក្នុង​សៀវភៅ​ដែល​លោក​បាន​តាក់តែង ចង់​ឲ្យ​អ្នក​អាន​សិក្សា​រៀន​សូត្រ ឲ្យ​មាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ នោះ​ជីវិត​នៅ​ពេល​ខាង​មុខ​វែង​ឆ្ងាយ ទើប​មាន​ភាព​ប្រសើរ៕

អត្ថបទ៖ មេរ៉ា រូបភាព៖ ប្រអប់ខ្មៅ