ប្រទះឃើញមហាសេដ្ឋី Facebook ពាក់នាឡិកាដៃតម្លៃក្បែរ ១លានដុល្លារ

មួយរយៈចុងក្រោយ មហាសេដ្ឋី Facebook លោក Mark Zuckerberg បានតែងខ្លួនសង្ហារឡូយឆាយ ខុសដាច់កាលពីប៉ុន្មានឆ្នាំមុន ហើយកាលពីថ្ងៃទី០៧ ខែមករា គេសង្កេតឃើញថា មនុស្សកំពូលលុយរូបនេះបានពាក់នាឡិកាដៃមួយគ្រឿង តម្លៃជិត ១លានដុល្លារឯណោះ។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីគេហទំព័រ BusinessInsider បានឲ្យដឹងថា នាឡិកាដៃប្រណីត ដែលមហាសេដ្ឋីអាមេរិករូបនេះបានពាក់នោះគឺមានឈ្មោះថា Greubel Forsey Hand Made 1 ដែលតម្លៃរបស់វាខ្ទង់ ៩០០ ០០០ដុល្លារក្នុងមួយគ្រឿង។

នាឡិកា Greubel Forsey Hand Made 1 គឺជាវត្ថុលំអខ្លួនយ៉ាងប្រណីត និងកម្របំផុតមួយ ពោលដោយសារវាត្រូវបានផលិតដោយដៃផ្ទាល់ ដូច្នេះវាត្រូវបានដាក់លក់លើទីផ្សារត្រឹមតែ ៣គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដើម្បីអាចផលិតនាឡិកាមួយគ្រឿងនេះបាន វាត្រូវការពេលវេលារហូតដល់ ៦ ០០០ម៉ោងឯណោះ។

គួររំលឹកបន្តិចថា មហាសេដ្ឋី Mark Zuckerberg ចាប់ផ្ដើមចេះស្រឡាញ់ និងប្រមូលទិញនាឡិកាថ្លៃៗដូចជាម៉ាក Patek Philippe និង F.P Journe ជាដើម បន្ទាប់ពីបានឃើញនាឡិកា Richard Mille របស់កូនមហាសេដ្ឋីឥណ្ឌា Mukesh Ambani ក្នុងថ្ងៃមង្គលការរបស់គេ៕

អត្ថបទ៖ Luffy រូបភាព៖ BusinessInsider