អ្នកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកជំនួញល្បីឈ្មោះផ្នែកដឹកជញ្ជូនតាមផ្លូវទឹក បានរៀបចំវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចល្អ ដល់បុគ្គលិកអូប័ររបស់ក្រុមហ៊ុនលោក ដើម្បីពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកកាន់តែមានប្រសិទ្ធភាព និងឲ្យភ្ញៀវ ពេញចិត្ត ធ្វើដំណើរតាមទៅកាន់គោលដៅ។
អគ្គនាយកក្រុមហ៊ុន G.T.V.C Speedboat Cambodia ទៀ វិចិត្រ បានរៀបចំវគ្គបណ្ដុះបណ្ដាល ២ ថ្ងៃ ស្ដីពី «ការផ្ដល់សេវាបដិសណ្ឋារកិច្ចល្អ» ដល់បុគ្គលិកបម្រើការងារផ្នែកអូប័រ ៦១នាក់ ក្នុងចំណោមបុគ្គលិកអូប័រសរុបប្រមាណ ១២០ នាក់របស់ក្រុមហ៊ុន។
សេដ្ឋីផ្នែកសណ្ឋាគាររូបនេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលកាលពីថ្ងៃទី ៦ និង ៧ ខែមករា ឆ្នាំ ២០២៥ នៅក្នុងបរិវេណកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ បង្រៀនដោយគ្រូបណ្ដុះបណ្ដាលមានជំនាញ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ មេរៀនសំខាន់ ២ ផ្នែកធំៗ ត្រូវបានបញ្ចូលក្នុងវគ្គបណ្ដុះបណ្ដាលនោះ រួមមានផ្នែកជំនាញទន់ និងផ្នែកបដិសណ្ឋារកិច្ចល្អ។
គោលបំណងរបស់ម្ចាស់ជំនួញធំនាភាគនិរតីរូបនេះ គឺចង់បណ្ដុះបណ្ដាលធនធានមនុស្ស ដោយមិនត្រឹមតែចេះលើការបើកបរអូប័រប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកគ្រប់រូបត្រូវចេះផ្ដល់សេវាកម្មល្អជូនភ្ញៀវទេសចរ រួសរាយរាក់ទាក់ជាមួយភ្ញៀវ ត្រូវផ្ដល់ព័ត៌មាន គ្រប់ជ្រុងជ្រោយពីម៉ោងពេល និងគោលដៅធ្វើដំណើររបស់ភ្ញៀវ រួមនឹងការចេះជំនាញទន់មួយចំនួន ដើម្បីពង្រឹងគុណភាពលើសេវាដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹក៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ GTVC Speedboat Cambodia