ដឹងអត់? Trump រកលុយបានរាប់សែនដុល្លារ ពេលបង្ហោះរូបលើ Instagram ម្ដងៗ

តាមរបាយការណ៍ស្រាវជ្រាវពី Casino Wizard បានឲ្យដឹងថា កំពូលមហាសេដ្ឋីចំនួន ៥រូប អាចរកលុយបានខ្ទង់សែនដុល្លារ ពេលបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Instagram ម្ដងៗ តួយ៉ាងប្រធានាធិបតីជាប់ឆ្នោត Donald Trump ជាបុគ្គលដែលរកលុយបានច្រើនបំផុតនៅលើ IG។

បុគ្គលដែលបង្ហោះរូបភាពលើបណ្ដាញសង្គម IG ហើយទទួលបានចំណូល ភាគច្រើនគឺជាបុគ្គលល្បីៗ ដោយមាន Sponsors ឬឥទ្ធិពលដែលអាចធ្វើឲ្យតម្លៃហ៊ុននៃក្រុមហ៊ុននានា អាចហក់ឡើង ឬចុះតាមស្ថានការណ៍ជាក់ស្ដែង។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបុគ្គលចំនួន ៥រូប ដែលរកលុយបានច្រើនបំផុត ពេលបង្ហោះរូបលើ Instagram ម្ដងៗ យោងតាមការចុះផ្សាយពីគេហទំព័រ Fox News៖

1/ Donald Trump

តាមដានជាមួយយើង៖ Million Times

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតរូបនេះ អាចរកបានចន្លោះពី ២៣០ ៧២១ រហូតដល់ ៣១២ ១៥២ដុល្លារ ពេលបង្ហោះរូបនៅលើ IG ដោយមានអ្នកតាមដានជិត ៣០លាននាក់។ បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានប្រហែល ៥,២ពាន់លានដុល្លារ។

2/ Oprah Winfrey

មហាសេដ្ឋីស្រីរូបនេះ គឺជាពិធីការនី ផលិតករ តារាសម្ដែង និងជាសប្បុរសជន ដែលរាល់ពេលលោកស្រីបង្ហោះរូបភាពលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួនដែលមានអ្នកគាំទ្រ ២២,៦លាននាក់ អាចទទួលបានកម្រៃចន្លោះពី ១៩២ ៧៣៣ រហូតដល់ ២៦០ ៧៥៧ដុល្លារ។ អ្នកស្រីមានទ្រព្យសម្បត្តិ ៣ពាន់លានដុល្លារ

3/ Mark Zuckerberg

ស្ថាបនិកក្រុមហ៊ុន Meta មានអ្នកតាមដាននៅលើ Instagram ចំនួន ១៤,២លាននាក់ ហើយរាល់ពេលផុសរូបភាពម្ដងៗ មហាសេដ្ឋីអាមេរិករូបនេះអាចរកចំណូលបានចន្លោះពី ១២៣ ៦២០ ទៅ ១៦៧ ២៥០ដុល្លារ។ លោក Mark មានទ្រព្យសម្បត្តិសរុប ២០២,៥ពាន់លានដុល្លារ។

4/ Bill Gates

ស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តបុណ្យរូបនេះវិញ មានអ្នកតាមដាន ១១,២លាននាក់នៅលើ Instagram។ លោក Gates អាចរកប្រាក់បានចន្លោះពី ៩៦ ៣១១ រហូតដល់ ១៣០ ៣០៣ដុល្លារ សម្រាប់ការផុសផ្សាយពាណិជ្ជកម្មម្ដងៗ។ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសរុបជិត ១៣០ពាន់លានដុល្លារ។

5/ Richard Branson

ស្ថាបនិកក្រុមហ៊ុន Virgin Group ដែលគ្រប់គ្រងក្រុមហ៊ុនច្រើនជាង ៤០០ទូទាំងពិភពលោក អាចរកចំណូលបានចន្លោះពី ៤២ ១៥៩ រហូតដល់ ៥៧ ០៣៨ដុល្លារ ពីការបង្ហោះរូបភាពលើគណនី Instagram ផ្ទាល់ខ្លួន ដែលមានអ្នកគាំទ្រប្រហែល ៥លាននាក់។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិ ២,៦ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ CNN / ABC