ម្ដាយរបស់ Elon Musk កំពុងទទួលបានការគាំទ្រខ្លាំងនៅប្រទេសចិន

លោកស្រី Maye Musk ម្ដាយរបស់កំពូលមហាសេដ្ឋី Elon Musk កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសចិន បន្ទាប់ពីលោកស្រីបានធ្វើដំណើរកម្សាន្តទៅទីនោះជាញឹកញាប់។

តាមដានជាមួយយើង៖ Million Times

ថ្លែងប្រាប់សារព័ត៌មាន CNBC លោកស្រី Maye បានឲ្យដឹងថា កាលពីឆ្នាំមុន លោកស្រីបានធ្វើដំណើរទៅប្រទេសចិនជាច្រើនលើក និងបានទៅកម្សាន្តនៅទីក្រុងចំនួន ១២ ដើម្បីចូលរួមសន្និសីទសារព័ត៌មាន និងកម្មវិធីពាក់ព័ន្ធនឹងការបង្ហាញម៉ូដនានា។

សារព័ត៌មានបរទេសចិនបានចុះផ្សាយថា ប្រជាប្រិយភាពរបស់តារាបង្ហាញម៉ូដវ័យ ៧៦ឆ្នាំរូបនេះ មានសន្ទុះយ៉ាងខ្លាំងនៅចិន ពោលមានចំនួនអ្នកតាមដានដល់ទៅ ៥៧៥ ០០០នាក់នៅលើកម្មវិធី Xiaohongshu និង ៣៥៥ ០០០នាក់នៅលើកម្មវិធី Douyin។

ម្ដាយរបស់ Elon Musk តែងតែបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ធំៗនៅប្រទេសចិន តួយ៉ាងកាលពីខែធ្នូ លោកស្រីបានចូលរួមពិសារអាហារពេលល្ងាចនៅទីក្រុង Hangzhou ដើរម៉ូដសម្រាប់ម៉ាកយីហោគ្រឿងសំអាងមួយ នៅទីក្រុង Wuha និងបានបើកកម្មវិធីជួបជុំអ្នកគាំទ្រ សម្រាប់ការសម្ពោធលក់សៀវភៅ A Woman Makes a Plan ដែលបោះពុម្ពជាភាសាចិនថែមទៀត។

ប្រជាជនចិនស្រឡាញ់ និងកោតសរសើរម្ដាយរបស់ Elon Musk ចំពោះការតស៊ូក្នុងឆាកជីវិតរបស់លោកស្រី។ លោកស្រីបានកើតនៅប្រទេសកាណាដា តែធំធាត់ឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង និងបានពុះពារឧបសគ្គជាច្រើន ធ្វើការសុទ្ធតែឆ្លងប្រទេស ទម្រាំទទួលបានភាពជោគជ័យដូចសព្វថ្ងៃ។

ប្រជាជនចិនបានដាក់រហស្សនាមឲ្យលោកស្រី Maye Musk ថា ជាបុគ្គលមានឥទ្ធិពលសក់ពណ៌ប្រាក់ ដ្បិតលោកស្រីមានវ័យចំណាស់ សក់ប្រែជាសពិតមែន តែរាងកាយ និងសុខភាពរបស់លោកស្រីនៅមាំទាំ និងសម្រស់ក្មេងជាងវ័យ៕

អត្ថបទ៖ Luffy រូបភាព៖ គណនីហ្វេសប៊ុករបស់លោកស្រី Maye Musk