មិនធ្លាប់មានពីមុន ទ្រព្យសម្បត្តិកំពូលមហាសេដ្ឋីពិភពលោក កើនលើស ១០ទ្រីលានដុល្លារ

សារព័ត៌មាននិយាយពីអ្នកមាន Bloomberg បានបញ្ចេញរបាយការណ៍បញ្ចប់ឆ្នាំ២០២៤ ដោយបង្ហាញថា ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីមានបំផុតលើលោក ៥០០រូប បានឈានដល់ចំណុចកំពូលមិនធ្លាប់មាន ពោលគឺលើសពី ១០ទ្រីលានដុល្លារ។

តាមដានជាមួយយើង៖ Million Times

ប្រភពដដែលបន្ថេមថា កំណើនទ្រព្យសម្បត្តិដ៏ច្រើនលើសលុបនេះ បានមកពីការហក់ឡើងខ្លាំង នៃតម្លៃភាគហ៊ុនក្នុងវិស័យបច្ចេកវិទ្យា ដែលមានស្ដេចត្រាញ់កំពូលៗដូចជា Elon Musk, Mark Zuckerberg និងលោក Jensen Huang កំពុងសំងំកើបលុយហូរហៀរ។

ក្នុងនោះមហាសេដ្ឋី Elon Musk គឺជាបុគ្គលដែលកើនលុយច្រើនបំផុតប្រហែល ២១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ និងបច្ចុប្បន្នជាមហាសេដ្ឋីមានបំផុតលើលោក ដោយមានទ្រព្យសម្បត្តិសរុប ៤២១ពាន់លានដុល្លារ។

ក្រុមមហាសេដ្ឋីដែលមានឈ្មោះក្នុងបញ្ជីរបស់ Bloomberg មានកំណើនទ្រព្យសម្បត្តិសរុប ១,៥ទ្រីលានដុល្លារ ដោយមហាសេដ្ឋីរកស៊ីនៅក្នុងវិស័យបច្ចេកវិទ្យា កើនលុយច្រើនជាងគេ។

គួររំលឹកបន្តិចថា សន្ទស្សន៍ទីផ្សារភាគហ៊ុន S&P 500 មានកំណើន ២៤% នៅក្នុងឆ្នាំ២០២៤ ត្រូវបានជំរុញដោយក្រុមហ៊ុនលំដាប់កំពូលទាំង៧ នៅសហរដ្ឋអាមេរិករួមមាន Apple, Microsoft, Alphabet, Amazon, Nvidia, Meta Platforms និង Tesla៕

អត្ថបទ៖ Luffy រូបភាព៖ Metro