សាកលវិទ្យាល័យន័រតុន អញ្ជើញអ្នកឧកញ៉ា គឹម សុខអេង ចូលរួមក្នុងកម្មវិធីជួបជុំសាស្រ្តាចារ្យផ្នែកស្ថាបត្យកម្ម

អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យកំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​​វិនិយោគិន​បរទេស អ្នក​ឧកញ៉ា គឹម សុខអេង ថ្មី​ៗ​នេះ​បាន​ត្រឡប់​ទៅ​សាកលវិទ្យាល័យ​ដែល​លោកធ្លាប់​បានសិក្សា ​រៀន​សូត្រ និង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​សាស្ត្រាចារ្យ​គ្រប់ផ្នែក។

តាមដានជាមួយយើង៖ Million Times

អ្នក​ឧកញ៉ា គឹម សុខអេង ត្រូវ​បានថ្នាក់ដឹកនាំសាកលវិទ្យាល័យន័រតុន អញ្ជើញចូលរួមក្នុងកម្មវិធីជួបជុំសាស្ត្រាចារ្យផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា និងផ្នែកសំណង់ស៊ីវិល កាលពីថ្ងៃទី ២៥ ខែ​ធ្នូ​កន្លងទៅ​ថ្មី​ៗ​នេះ។

បើ​ទោះ​ជា​ចាកចេញ​ពី​សាកលវិទ្យាល័យ​ហើយយូរ​ក៏​ដោយ តែ​អ្នក​ជំនួញ​អចលនទ្រព្យ​អ្នក​ឧកញ៉ា គឹម សុខអេង នៅ​តែ​មាន​មនោសញ្ចេតនា នឹករលឹកនិង​មាន​មោទនភាព​ក្នុងនាមអតីតនិស្សិត​នៅ​ទី​នោះ។ ម្ចាស់បុរី KC ព្រែកព្នៅ និង KK The Residence ក៏​បាន​ថ្លែងអំណរគុណ​ចំពោះសាស្ត្រាចារ្យគ្រប់ជំនាញដែលបានបង្ហាត់បង្ហាញណែនាំផ្លូវដល់រូបលោក​ផង​ដែរ។

អាកប្បកិរិយា​​អ្នកឧកញ៉ា គឹម សុខអេង ចំពោះ​សាស្រ្តាចារ្យ​មិន​ប្រែឡើយ នៅតែ​ឱនលំទោន សុភាពរាបសារជានិច្ច ទឹកមុខញញឹម និង​ដឹងគុណ​ដល់​អ្នក​ដែល​ផ្ដល់​ចំណេះដឹង និង​អប់រំ​លោក។​

អ្នកឧកញ៉ា បាន​ចាត់ទុក សាស្រ្តាចារ្យ និងសាកលវិទ្យាល័យ ជា​អ្នក​បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតមូលធនមនុស្សនៅកម្ពុជា ហើយធនធានដែលបានឆ្លងកាត់នៅសាកលវិទ្យាល័យន័រតុន បាននិងកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការ​បម្រើ​ជាតិ និងប្រជាជន ក៏ដូចជាការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អ្នក​តាមដាន​វិស័យ​អចលនទ្រព្យ ប្រហែល​ជា​ដឹង​ត្រឹម​ថា អ្នក​ឧកញ៉ា គឹម សុខអេង គឺជា​ម្ចាស់​បុរី KC ព្រែកព្នៅ និង KK The Residence ​ប៉ុណ្ណោះ។ ប៉ុន្តែ​​ប្រវត្តិសិក្សា និង​ការ​តស៊ូ​កន្លង​មក​នៃ​អ្នក​ឧកញ៉ា គឹម សុខអេង ពិតជា​មិន​សូវ​មាន​អ្នក​ដឹង​ច្រើន​ប៉ុន្មាន​ឡើយ។

អ្នក​ឧកញ៉ារូប​សង្ហា គឹម សុខអេង ជា​អតីត​និស្សិត​សាកលវិទ្យាល័យន័រតុនជំនាញ​ស្ថាបត្យកម្ម ហើយលោកបានចាប់ផ្ដើម​ធ្វើ​ការងារ​តាំង​ពី​នៅ​ជា​និស្សិត​ឆ្នាំ​ទី​២ ម្ល៉េះ។ ​រៀនចប់ថ្នាក់​​បរិញ្ញាបត្រ​ភ្លាម ប្រធាន JCI Mekong រូបនេះ ​ក៏​បាន​ចាប់ផ្ដើម​អាជីពជា​អ្នក​ផ្នែក​គូរ​ប្លង់ហើយ​ក្រោយ​ៗ​មក​ទៀត​ក៏​បាន​បើក​ក្រុមហ៊ុន​ក្នុង​វិស័យ​អចលនទ្រព្យ វិនិយោគ​អចលនទ្រព្យ និង​អភិវឌ្ឍន៍​បុរីដោយខ្លួនឯងវិញម្តង។

កេរ្តិ៍ឈ្មោះនៃ​អ្នក​ជំនួញ គឹម សុខអេង កាន់តែ​ល្បីល្បាញ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃតាម​រយៈ​ជំនាញ​ស្ថាបត្យកម្ម និង​ជំនួញ​អចលនទ្រព្យ​របស់​លោក​ដែល​បាន​ខិតខំ​កសាង​​ឡើង​មក៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Kim Sok Eng