រោងចក្រ អិលអេសវី អ៊ិនដាស្ទ្រី ដែលផលិតសាប៊ូអូការបស់កម្ពុជា ទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុកដូចគ្នា។ អិលអេសវី អ៊ិនដាស្ទ្រី មានស្ថាបនិកគឺ លោកស្រី នុត សម្ផស្ស ស្ត្រីវ័យក្មេងតស៊ូ ប្រឡូកក្នុងវិស័យជំនួញ។
ក្រុមហ៊ុន អិលអេសវី អ៊ិនដាសស្រ្ទី ជារោងចក្រខ្មែរធំជាងគេផលិតសាប៊ូបោកសម្លៀកបំពាក់ម៉ាកអូកា ដែលទទួលបានការគាំទ្រខ្លាំង។ ពិសេសថ្មីៗនេះលោកស្រី នុត សម្ផស្ស បានកែច្នៃកសិផលក្នុងស្រុក ធ្វើជាសាប៊ូកក់សក់ សាប៊ូដុសខ្លួន និងសាប៊ូលាងមុខ ដែលផលិតពីស្ពៃក្រញាញ់ធម្មជាតិ ព្រមទាំងកែច្នៃស្លឹកគ្រៃ និងម្នាស់ ផលិតជាទឹកលាងចាន ទទួលបានការគាំទ្រយ៉ាងពេញទំហឹងទូទាំងប្រទេស។
ទម្រាំសម្រេចបង្កើតបានជារោងចក្រផលិតសាប៊ូខ្មែរ លោកស្រីបានជម្នះឧបសគ្គរាប់ពាន់ ទម្រាំសាងបានកេរ្តិ៍ឈ្មោះ និងឈរជើងមកដល់ពេលនេះ។ អគ្គនាយិកា នុត សម្ផស្ស ពុះពាររាល់ពាក្យទិតៀននៅជុំវិញខ្លួន ដោយចំណាយពេលជាង១០ ឆ្នាំ ដើម្បីសិក្សា ស្រាវជ្រាវ អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនពីអាជីវកម្មគ្រួសារ រហូតក្លាយជាក្រុមហ៊ុនបែបឧស្សាហកម្មក្នុងស្រុក។
រោងចក្រ អិលអេសវី អ៊ិនដាស្ទ្រី ត្រូវទទួលស្គាល់ជាបន្តបន្ទាប់ពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនានាព្រមទាំងកំណើនទំនុកចិត្តពីសំណាក់បណ្ដាអតិថិជនប្រើប្រាស់ទាំងនៅក្នុងរាជធានីនិងនៅតាមបណ្ដាខេត្ត។
បើទោះជារោងចក្ររបស់លោកស្រី សម្ផស្ស មានកេរ្តិ៍ឈ្មោះហើយក៏ពិតមែន តែនៅទទួលរងការរិះគន់មិនឈប់ឈរ សូម្បីតែការរស់នៅប្រចាំថ្ងៃ ក៏នៅតែមានអ្នកយាយីដោយពាក្យសម្ដីមិនឈប់។ ក្នុងនោះមានទាំងបញ្ហាតម្លៃផលិតផលថាមានតម្លៃថោក គឺសម្រាប់តែលក់ឲ្យប្រជាជនក្រីក្រ និងមិនមានគុណភាព ហើយតម្លៃផលិតផលខ្លះ បែរជាថាថ្លៃ មិនសមតម្លៃដែលជាផលិតផលក្នុងស្រុក។
មិនតែប៉ុណ្ណោះ មតិអ្នកលេងបណ្ដាញសង្គមមួយចំនួន រិះគន់អគ្គនាយិកា នុត សម្ផស្ស ថារូបរាង និងមុខមាត់មិនស័ក្ដិសមជាអ្នកមានតួនាទីខ្ពស់ឡើយ ហើយក៏មិនមែនជាកូនអ្នកមានទ្រព្យធនទៀតផង ដែលសម្ដីអស់នោះ សុទ្ធតែបានវាយប្រហារផ្លូវចិត្តលោកស្រីដូចគ្នា។ ក្រៅពីជនជាតិខ្មែរខ្លះដែលមិនជឿជាក់ហើយ លោកស្រីក៏ធ្លាប់ត្រូវមជ្ឈដ្ឋានបរទេសមិនជឿថាខ្មែរមានសមត្ថភាពអាចបង្កើតផលិតផលឧស្សាហកម្មដោយខ្លួនឯងបានដែរ។
ឆ្លងកាត់រឿងរ៉ាវជាច្រើន លោកស្រីបានរៀបចំផែនការហិរញ្ញវត្ថុ ផែនការអភិវឌ្ឍគុណភាពផលិតផល ផែនការទីផ្សារ ផែនការគ្រប់គ្រងធនធានមនុស្ស ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម និងចំណេះជំនាញបន្ថែមជាច្រើន ទៀត ដើម្បីឆ្លើយតបនឹងសន្ទុះរីកចម្រើននៃសង្គមជាតិក៏ដូចជាបម្រែបម្រួលតម្រូវការអ្នកប្រើប្រាស់ជាក់ស្ដែង ឥឡូវធ្វើឲ្យក្រុមហ៊ុនអាចឈរជើងបានលើទីផ្សារហើយ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Nut Samphois