ក្រោយពិធីចូលចែចូវ ក៏ដល់វេលាភ្ជាប់ពាក្យនៃគ្រួសារសេដ្ឋី ២ រូប ប្រចាំស្រុកខ្មែរ អ៊ឹង ប៊ុនហ៊ូវ និង ថៅកែហាងលក់ស្លៀកបំពាក់ លីម ហុង។ កម្មវិធីដ៏ធំនៃគ្រួសារអភិជនគូនេះ ពិតជាអធិកអធមមិនចាញ់មង្គលការឡើយ គ្រាន់តែភ្ញៀវមិនសូវច្រើនខ្លាំងប៉ុន្មានឡើយ។


កម្មវិធីភ្ជាប់ពាក្យក៏មិនខុសពីកម្មវិធីចូលចែចូវដែររៀបចំឡើងនៅគ្រួសារខាងស្រីនៃភូមិគ្រឹះដ៏ធំស្កឹមស្កៃ។ ការតុបតែង និងលម្អក្នុងកម្មវិធីភ្ជាប់ពាក្យរបស់កូនក្រមុំ អ៊ឹង ស៊ីវឈីនស៊ី និងកូនកំលោះ លីម ហ្វីលីប ពិតជាស្រស់ស្អាត និងប្រកបដោយភាពប្រណីតគ្រប់ជ្រុងជ្រោយរោយដោយផ្កាស្រស់គ្រប់ចន្លោះតែម្ដង។
គ្រួសារសេដ្ឋីដែលជាដន្លងនឹងគ្នា គឺអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា អ្នកមានគុណខាងស្រី ចំណែកឧកញ៉ា ចាប មួយហុង និងលោកស្រី លឹម សុខចេង ម្ចាស់ហាងលក់សម្លៀកបំពាក់ លីម ហុង ជាមេបាខាងប្រុស។ ការផ្សារជាប់សាច់ឈាមនៃគ្រួសារត្រកូលអភិជនទាំង ២ បានកក្រើកខ្លាំង ព្រោះទាំងសងខាងសុទ្ធតែជាអ្នកមានកំពូល ក្នុងដៃកាន់កាប់ជំនួញជាច្រើន។
កូនក្រមុំដ៏ស្រស់បំព្រង ពេលបានគ្រងឈុតប្រពៃណីខ្មែរ ហើយក្រៅពីសម្លៀកបំពាក់ខ្មែរដ៏អស្ចារ្យហើយនោះ កូនស្រីសេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ក៏បានរៀបចំឈុតសម័យ ដែលគ្រាន់តែរ៉ូប១ឈុតតម្លៃជិត ៨ ពាន់ដុល្លារ។ ងាកមើលទៅភ្ញៀវចូលរួមឲ្យពរជ័យនៃគូស្នេហ៍វ័យក្មេង សុទ្ធតែអ្នកដឹកនាំតាមស្ថាប័នធំៗ គ្រងឈុតហូលផាមួងខ្មែរដ៏ភ្លឺរលោង៕


















អត្ថបទ៖ មេរ៉ា, រូបភាព៖ The Ring Wedding Cambodia