អ្នកជំនួញដ៏ល្បី ព្រមទាំងជាម្ចាស់បុរី KC ព្រែកព្នៅ និង KK The Residence ដែលមហាជនស្គាល់ច្បាស់ថា ជាអ្នកឧកញ៉ា គឹម សុខអេង ទើបទទួលបានការតែងតាំងជាប្រធាន JCI Mekong បានជួបប្រជុំជាមួយសមាជិកសភាយុវពាណិជ្ជករអន្តរជាតិ ដើម្បីរៀបចំផែនការ សម្រាប់ឆ្នាំ២០២៥។


ក្រោយទទួលបានការបោះឆ្នោតជាប់ជា Local President Elect of JCI Mekong អ្នកជំនួញរូបនេះ មមាញឹកក្នុងការរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីជំរុញឲ្យសភាយុវពាណិជ្ជករអន្តរជាតិ ទទួលបានជោគជ័យរួមគ្នា។
អ្នកជំនួញដ៏ប៉ិនប្រសព្វ អ្នកឧកញ៉ា គឹម សុខអេង បានរៀបចំកិច្ចប្រជុំបែបសាមញ្ញ មិនមែនផ្លូវការ ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាភិបាលគ្មានភាពតានតឹង និងមានអារម្មណ៍ថាគ្មានសម្ពោធ ហើយមានអារម្មណ៍ស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងសមាជិក។

អ្នកឧកញ៉ា គឹម សុខអេង វិនិយោគិនល្បី ជាក្រុមប្រឹក្សាភិបាលម្នាក់នៅ JCI Cambodia ដែលទើបជាប់ឆ្នោតថ្មីៗ ក្នុងចំណោមក្រុមប្រឹក្សាភិបាល ៦ រូប ដោយទទួលបានការទុកចិត្ត ជាអ្នកមានភាពដឹកនាំខ្ពស់ និងចែករំលែកដល់មនុស្សជំនាន់ក្រោយ។
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ JCI គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញមួយមានសមាជិកជាង ១០០ ប្រទេសដែលប្រមូលផ្ដុំដោយពាណិជ្ជករវ័យក្មេងជាច្រើន កំពុងស្ម័គ្រចិត្តចូលរួមអនុវត្តគម្រោងមួយចំនួនក្នុងការអភិវឌ្ឍសង្គម ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ JCI Mekong