តារាសម្ដែងជនជាតិហុងកុង ប្រចាំប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បី TVB លោក Vinci Wong បានប្រកាសពីការក្ស័យធន បន្ទាប់ពីលោកមានបំណុលជាប់ខ្លួន ២,៨លានដុល្លារហុងកុង ឬប្រហែល ៣៦០ ០០០ដុល្លារ។
សារព័ត៌មាន VNExpress បានចុះផ្សាយថា លោក Wong បានខ្ចីបំណុលពីក្រុមហ៊ុនចងការប្រាក់ Ego Finance Limited ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ៣៣,៦% កាលពីខែកក្កដា និងបានបង់ការប្រាក់រយៈពេល ២ខែប៉ុណ្ណោះ ហើយក៏គ្មានលទ្ធភាពបង់ប្រាក់បន្ត។
តារាសម្ដែងវ័យ ៥៣ឆ្នាំរូបនេះ មិនបានទម្លាយប្រាប់ពីហេតុផលពីក្រោយការខ្ចីបំណុលនេះឡើយ ក៏ប៉ុន្តែគេដឹងថា មួយរយៈចុងក្រោយ រូបលោកឧស្សាហ៍បង្ហោះសារលើបណ្ដាញសង្គម រៀបរាប់ពីបញ្ហាជីវិត និងទុក្ខលំបាកផ្សេងៗ ជាមួយការប្ដេជ្ញាចិត្តយកឈ្នះបញ្ហាទាំងនោះដោយខ្លួនឯង។
ថ្វីបើលោក Wong ប្រកាសក្ស័យធនមែន តែសែស្រឡាយសាច់ញាតិរបស់លោកគឺជាគ្រួសារមហាសេដ្ឋីនៅហុងកុង ដោយមានទ្រព្យសម្បត្តិសរុបប្រហែល ៣ពាន់លានដុល្លារហុងកុង។ ផ្ទះដែលលោក Wong កំពុងរស់នៅបច្ចុប្បន្ន មានតម្លៃជាង ២៣លានដុល្លារហុងកុង និងស្ថិតនៅក្នុងតំបន់អភិជននៃតំបន់សេដ្ឋកិច្ចពិសេសរបស់ចិនមួយនេះ៕
អត្ថបទ៖ Luffy រូបភាព៖ ហ្វេសប៊ុកលោក Vinci Wong