អ្នកឧកញ៉ា សួរ វីរៈ៖ ខ្ញុំសង្ឃឹមថាអ្នកមានលុយស្រុកខ្មែរនឹងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា

អ្នកជំនួញចាស់វស្សាក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញក្តីសង្ឃឹមថា អ្នកមានលុយស្រុកខ្មែរនឹងចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលលោកយល់ថា អ្នករកស៊ីដី ខុសពីអ្នកអភិវឌ្ឍន៍ដី។

អ្នកឧកញ៉ា សួរ វីរៈ​ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសស និងជាអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏លេចធ្លោ បានបង្ហាញអាថ៍កំបាំងក្នុងការអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅលើភ្នំគិរីរម្យ ដែលប្រែពីតំបន់គ្មានអ្នកស្គាល់ និងមិនហ៊ានចូលទៅ ក្លាយជាទីកូនទីក្រុងដ៏ពេញនិយមទាក់ទាញទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកប្រមាណ ១លាននាក់ក្នុងឆ្នាំ២០២៤នេះ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា សួរ វីរៈ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន បានឲ្យដឹងថា ប្រែក្លាយពីតំបន់ព្រៃជ្រៅស្ងាត់ជ្រងំ គ្មានផ្លូវ គ្មានអ្នកស្គាល់ គ្មានអ្នកហ៊ានទៅលេង តែពេលនេះឧទ្យានបោះតង់ (ឋានសួគ៌គីរីរម្យ) បានក្លាយទៅជាកូនទីក្រុង និងជាតំបន់ទេសចរណ៏បែបធម្មជាតិដ៏ពេញនិយម ដែលអាចទាក់ទាញភ្ញៀវទេសចរណ៏ក្នុងនិងក្រៅប្រទេសមិនក្រោម ១លាននាក់ក្នុងឆ្នាំ២ឥ២៤។ អ្នកឧកញ៉ាថ្លែងថា៖ «ក្នុងរយៈពេលត្រឹមតែ​ ២ឆ្នាំប៉ុណ្ណោះក្រោមការវិនិយោគដោយប្រថុយប្រថាន ប្រកបដោយឆន្ទៈខ្ពស់ជួយលើកស្ទួយវិស័យទេសចរនៅកម្ពុជា»។

អ្នកឧកញ៉ាថ្លែងមានជំនឿចិត្តខ្ពស់ថា៖​ «ខ្ញុំសង្ឃឹមថាអ្នកមានលុយស្រុកខ្មែរនិងចូលរួមអភិវឌ្ឍន៏វិស័យទេសចរនៅកម្ពុជា ដើម្បីជួយផ្តល់ការងារដល់សហគមន៏ និងជួយកំណើនសេដ្ឋកិច្ចជាតិ ព្រោះអ្នករកស៊ីដី ខុសពីអ្នកអភិវឌ្ឍន៏ដី»។

សូមជម្រាបថា ឧទ្យានជាតិគីរីរម្យ ជាឧទ្យានដែលទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល ដោយសារនៅតំបន់នោះមានដើមស្រល់ជាច្រើន ដុះជាជួរផ្ដល់ជាម្លប់យ៉ាងត្រជាក់ ហើយរុក្ខជាតិទាំងឡាយ មានភាពរីកស្រស់គ្រប់រដូវ ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំជាមួយនិងផ្កាព្រៃចម្រុះពណ៌ ជាច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែមិនចេះដាច់។ គីរីរម្យមានទីតាំងស្ថិតនៅភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ ហើយប្រសិនបើធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នោះកាន់តែឆាប់រហ័សដល់តំបន់គិរីរម្យ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកអ្នកឧកញ៉ា សួរ វីរៈ