មហាសេដ្ឋី Elon Musk ពិចារណាផ្តល់មូលនិធិដល់គណបក្សកំណែទម្រង់ប្រឆាំងអន្តោប្រវេសន៍របស់លោក Nigel Farage ប្រហែល ១០០លានដុល្លារ ដែលជាសកម្មភាពមួយអាចធ្វើឲ្យនយោបាយចក្រភពអង់គ្លេសមានភាពរង្គោះរង្គើ។
រូបថតមួយសន្លឹកនៅភូមិគ្រឹះ Mar-a-Lago របស់ Donald Trump ក្នុងរដ្ឋ Florida លោក Elon Musk ដែលជាតួអង្គដ៏សំខាន់មួយក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនាពេលខាងមុខ បានធ្វើឱ្យមានរង្គោះរង្គើនៅក្នុងឆាកនយោបាយអង់គ្លេស។
លោក Farage បញ្ជាក់ថា លោកបានពិភាក្សាជាមួយ Elon Musk អំពីការបរិច្ចាគដ៏ច្រើនដល់គណបក្សកំណែទម្រង់ប្រឆាំងអន្តោប្រវេសន៍ អាចមានចំនួនដល់ទៅ ១០០លានដុល្លារ ដែលនឹងក្លាយជាអំណោយនយោបាយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស។
Farage បានប្រាប់ទូរទស្សន៍ GB News បន្ទាប់ពីកិច្ចប្រជុំជាមួយ Musk ថា «យើងបានពិភាក្សាអំពីលុយ។ នោះជាការចរចារដែលយើងនឹងត្រឡប់ទៅវិញ។ គាត់មិនជំទាស់នឹងការឲ្យលុយយើងទេ។ គាត់មិនទាន់សម្រេច ចិត្តទាំងស្រុងថាតើគាត់នឹងធ្វើឬអត់»។
ចក្រភពអង់គ្លេសមានដែនកំណត់យ៉ាងតឹងរឹងលើចំនួនគណបក្សនយោបាយដែលអាចចំណាយលើការបោះឆ្នោត ប៉ុន្តែពួកគេអាចទទួលយកការបរិច្ចាគគ្មានដែនកំណត់ ដរាបណាម្ចាស់ជំនួយជាអ្នកបោះឆ្នោតនៅចក្រភពអង់គ្លេស ឬក្រុមហ៊ុនដែលបានចុះឈ្មោះក្នុងចក្រភពអង់គ្លេស។ បណ្តាញសង្គម X របស់ Musk ឈ្មោះ Twitter U.K. Ltd. មានអាសយដ្ឋានចុះឈ្មោះនៅទីក្រុងឡុងដ៍។
អ្នករិះគន់និយាយថា នោះជាចន្លោះប្រហោងដែលអនុញ្ញាតឲ្យមានឥទ្ធិពលបរទេសក្នុងឆាកនយោបាយអង់គ្លេស។ អ្នកឃ្លាំមើលការបោះឆ្នោត គណៈកម្មាធិការរៀបចំការបោះឆ្នោត កំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរ រួមទាំងការកំណត់ចំនួនដែលក្រុមហ៊ុនអាចបរិច្ចាគ ដូច្នេះវាមិនអាចដាក់ប្រាក់ច្រើនជាងដែលខ្លួនរកបាននៅក្នុងប្រទេសអង់គ្លេសនោះទេ។
គួរឲ្យដឹងថា លោក Farage គឺជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោក ត្រាំ ដែលបានហៅឈ្មោះគាត់ថា “Mr Brexit” ហើយកាលពីមុនបានលើកឡើងថា ប្រជានិយមអង់គ្លេសនឹងធ្វើ “ការងារដ៏អស្ចារ្យ” ក្នុងនាមជាឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅក្រុងវ៉ាស៊ីនតោន៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ Stuart Mitchell/Reform UK/PA Wire