អតីតមេចុងភៅសេតវិមានទម្លាយថា លោក Trump គឺជាប្រធានាធិបតីពិបាកធ្វើម្ហូបផ្គាប់ចិត្ត

លោក Andre Rush អតីតមេចុងភៅប្រចាំសេតវិមានបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Politico ថា ក្នុងចំណោមប្រធានាធិបតី ដែលលោកធ្លាប់ចំអិនម្ហូបជូន មានតែលោក Donald Trump ម្នាក់គត់ ដែលពិបាកផ្គាប់ចិត្តជាងគេ។

តាមដានជាមួយយើង៖ Million Times

អតីតមេចុងភៅបម្រើការងារនៅសេតវិមាន ៤អាណត្តិរូបនេះបង្ហើបថា ប្រធានាធិបតីដែលងាយស្រួលបំផុត គឺលោក Barack Obama ព្រោះលោកមានសួនបន្លែផ្ទាល់ខ្លួន ហើយម្ហូបទាំងអស់សុទ្ធតែយកគ្រឿងផ្សំចេញពីនោះ។ ចំណែកឯលោក Trump វិញ គឺជាមនុស្សចូលចិត្តអាហារសម្រន់ ដូចជាបឺហ្គឺរ និងមិនចូលចិត្តញាំអាហារសុខភាពឡើយ។

លោក Andre បាននិយាយថា ក្នុងនាមជាចុងភៅ លោកព្យាយាមបង្កើតមុខម្ហូបថ្មីៗ និងគិតគូពីសុខភាពសម្រាប់អ្នកបរិភោគ ក៏ប៉ុន្តែចំពោះលោក Trump គឺផ្ទុយស្រឡះ។ អតីតប្រធានាធិបតីរូបនេះ ភាគច្រើនទទួលទានតែអាហារសម្រន់ដូចជា បឺហ្គឺរ នំដូណាត់ ហើយភេសជ្ជៈវិញគឺមិនសូវផឹកទឹកឡើយ ពោលគឺសឹងតែផឹកកូកាគ្មានជាតិស្ករ ២៤ម៉ោង។

មេចុងភៅរូបនេះបន្ថែមទៀតថា មានពេលខ្លះ លោក Trump ស្នើឲ្យចុងភៅដាក់ដំឡូងបំពង និងបឺហ្គឺរ ជំនួសឲ្យដំឡូងស្ងោរ និងបន្លែ ក្នុងម្ហូបអាហាររបស់លោកថែមទៀត។ លោក Andre បាននិយាយថា លោកធ្លាប់ត្រូវស្ដីឲ្យញឹកញាប់ ដោយសារតែព្យាយាមកាត់បន្ថយការផឹកភេសជ្ជៈផ្អែម របស់លោក Trump ដោយការបន្ថែមក្លិនផ្លែឈើ ក្នុងទឹកសុទ្ធរបស់មេដឹកនាំរូបនេះ។

សូមជម្រាបដែរថា អំឡុងពេលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ លោក Trump ត្រូវបានគេដឹងថា តែងតែទទួលទានអាហារសម្រន់ដូចជា បឺហ្គឺរ ភីហ្សា និងនំដូណាត់ ជាអាហារថ្ងៃត្រង់ និងពេលល្ងាច ហើយក្នុងមួយថ្ងៃលោកផឹកកូកាដល់ទៅ ១២កំប៉ុងឯណោះ៕

អត្ថបទ៖ Luffy រូបភាព៖ New Yorker