តាមរបាយការណ៍ដកស្រង់ដោយគេហទំព័រ Bloomberg បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤នេះ មានគ្រួសារចំនួន ២៥គ្រួសារ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក ហើយក្នុងនោះមាន ២គ្រួសារគត់ មកពីតំបន់អាស៊ីអាគ្នេយ៍។
មហាសេដ្ឋីអាស៊ានចំនួន២រូបនោះ គឺគ្រួសារត្រកូល Hartono របស់ប្រទេសឥណ្ឌូណេស៊ី និងគ្រួសារត្រកូល Chearavanont របស់ប្រទេសថៃ។
គ្រួសារត្រកូល Hartono មានទ្រព្យសម្បត្តិសរុប ៤៧ពាន់លានដុល្លារ ជាប់នៅលេខរៀងទី១៧ នៃគ្រួសារមានបំផុតលើលោកទាំង ២៥។ ប្រភពចំណូលនៃគ្រួសារមហាសេដ្ឋីមានបំផុតនៅឥណ្ឌូណេស៊ី គឺបានមកពីសហគ្រាសផលិតបារី Djarum និងភាគលាភពីធនាគារកំពូល Bank Central Asiaក៏ដូចជាផ្សារទំនើប Grand Indonesia ជាដើម។
រីឯគ្រួសារត្រកូល Chearavanont វិញ មានទ្រព្យសម្បត្តិសរុប ៤៤ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងចំណោម ២៥គ្រួសារដែលមានលុយច្រើនបំផុតលើលោក។ ប្រភពចំណូលនៃគ្រួសារស្ដេចត្រាញ់ថៃមួយនេះ បានមកពីក្រុមហ៊ុន Charoen Pokphand Group (CP Group) ដែលជាក្រុមហ៊ុនធំបំផុតប្រចាំប្រទេស រកស៊ីនៅលើពហុវិស័យ។
ចំណែកឯគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនដាច់គេលើលោក គឺគ្រួសារកំពូលអ្នកមានត្រកូល Waltons ម្ចាស់ក្រុមហ៊ុនលក់រាយមានសាខារាប់ពាន់កន្លែង Walmart និងមានទ្រព្យសម្បត្តិសរុប ៤៣២ពាន់លានដុល្លារ។ គ្រួសារមហាសេដ្ឋីភាគច្រើនគឺមានប្រភពចេញពីសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ និងឥណ្ឌា៕
អត្ថបទ៖ Luffy រូបភាព៖ Nikkie Asia