នាយក​រដ្ឋមន្ត្រី​ថៃ Paetongtarn ស្ថិត​ក្នុង​បញ្ជី​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​រូបក្នុង​ពិភពលោក

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ត្រូវបានជាប់ឈ្មោះក្នុងបញ្ជី «ស្ត្រីដែលមានឥទ្ធិពលបំផុតលើពិភពលោកទាំង ១០០រូប ឆ្នាំ២០២៤» ដោយទស្សនាវដ្តី Forbes ថ្មីៗនេះ។

យោងតាមមន្រ្តីនៃការិយាល័យនាយករដ្ឋមន្ត្រីលោកស្រី Jiraporn Sindhuprai បានឲ្យដឹងថា លោកស្រី Paetongtarn ស្ថិតនៅលំដាប់ទី២៩ ក្នុងបញ្ជីពិភពលោក និងទី៣ នៅអាស៊ី បន្ទាប់ពីលោកស្រី Sandy Ran Xu នាយកប្រតិបត្តិនៃក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិន JD.com ឈរលេខរៀងទី២៧ និងលោកស្រី Nirmala Sitharaman រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងកិច្ចការសាជីវកម្មនៃប្រទេសឥណ្ឌា លេខរៀងទី២៨។

តាមដានជាមួយយើង៖ Million Times

មេដឹកនាំស្ត្រីផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលស្ថិតក្នុងបញ្ជីនេះដែរ រួមមាន៖ លោកស្រី Ho Ching ប្រធាន Temasek Trust ទី៣២ លោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី ទី៤៩ លោកស្រី Helen Wong នាយកប្រតិបត្តិនៃក្រុម OCBC នៅសិង្ហបុរី ទី៥៩ និងលោកស្រី Jenny Lee ដៃគូគ្រប់គ្រងជាន់ខ្ពស់នៃ Granite Asia នៅប្រទេសសិង្ហបុរី លេខរៀងទី៩៦។ នេះបើតាមបញ្ជីឈ្មោះរបស់ទស្សនាវដ្តី Forbes។

លោកស្រី Jiraporn បាននិយាយថា លោកស្រី Paetongtarn ត្រូវបានជាប់ក្នុងបញ្ជី «Time 100 Next» នៅក្នុងប្រភេទអ្នកដឹកនាំដោយទស្សនាវដ្តី Times មុននេះ។ លោកស្រីជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសដែលបានក្លាយជាស្រ្តីវ័យក្មេងជាងគេអាយុ ៣៧ឆ្នាំនៅក្នុងប្រវត្តិសាស្រ្តថៃ។ លោកស្រីជាកូនស្រីអតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា៕

អត្ថបទ៖ សារ៉ាយ រូបភាព៖