អ្នកជំនួញផ្នែកអចលនទ្រព្យ ដែលគេស្គាល់យ៉ាងច្បាស់ថាជាម្ចាស់បុរី ហុងឡាយ គឺឧកញ៉ា ខូយ អ៊ាងឡាយ ទើបឡើងភូមិគ្រឹះដ៏ធំសម្បើមកាលពីប៉ុន្មានថ្ងៃមុននេះ។ ក្នុងនាមជាម្ចាស់បុរីស្រាប់ ម៉ូដភូមិគ្រឹះរបស់សេដ្ឋីផ្នែកអចលនទ្រព្យរូបនេះ ពិតជាស្រស់ស្អាត និងប្រណីតសមនឹងឋានៈតែម្ដង។
សេដ្ឋី ខូយ អ៊ាងឡាយ បានកសាងភូមិគ្រឹះនៅចំកណ្ដាលទីតាំងបុរីរបស់លោកហើយមើលពីលើអាកាសទៅ ពិតជាអស្ចារ្យ ដោយសារក្បូរក្បាច់នៃរចនាប័ទ្មមើលទៅទំនើប និងលេចធ្លោខ្លាំងទាំងដំបូល និងពណ៌ខុសពីវីឡាដទៃដែលព័ន្ធជុំវិញ។
ចំណែកខាងក្នុងក៏បានដេគ័រយ៉ាងភ្លឺចិញ្ចាចជាមួយអំពូលគ្រីស្ដាល់ តែមិនស្កេកស្កះពេក មើលឃើញពីភាពធំទូលាយ រស់នៅយ៉ាងផាសុកភាព។ បើមើលពីរបងខាងមុខទៅក្រោយ ពិតជាវែង និងមានកន្លែងចតឡានច្រើន សម្រាប់គ្រួសារធំអ្នកជំនួញ អ៊ាងឡាយ។
ក្រុមគ្រួសារឧកញ៉ា អ៊ាងឡាយ បានតុបតែងកាយ និងគ្រឿងអលង្ការយ៉ាងស្រស់ស្អាតសមរូបសមរាង និងមុខមាត់ ទទួលភ្ញៀវពន្លឺមកចូលរួមក្នុងកម្មវិធីដោយទឹកមុខញញឹមញែម។ កម្មវិធីឡើងផ្ទះរបស់ថៅកែបុរី ហុង ឡាយ មិនសូវជារៀបចំផ្កាស្រស់អ្វីច្រើនឡើយ ដើម្បីកុំឲ្យបិទបាំងសម្រស់ផ្ទះដ៏អស្ចារ្យនោះ
ការឡើងគេហដ្ឋានធំខ្ពស់ស្កឹមស្កៃរបស់សេដ្ឋីរូបនេះ បានអញ្ជើញតែមិត្តភ័ក្តិ អ្នករកស៊ី និងមនុស្សជំនិតៗមិនសូវជាច្រើនប៉ុន្មានឡើយ ដើម្បីមកចូលរួមអបអរ៕
អត្ថបទ៖ មេរ៉ា,រូបភាព៖ BONG JOY Events