BreadTalk ជាហាងនំប៉័ងល្បីឈ្មោះនៅកម្ពុជា ដែលមានច្រើនសាខាខ្លាំងនៅកម្ពុជា ជាមួយរសជាតិឆ្ងាញ់ និងមានអ្នកគាំទ្រខ្លាំងរង់ចាំគាំទ្រផលិតផលជាប្រចាំ។ នៅក្នុងបទសម្ភាសន៍ជាមួយ Prestige ដែលជាម្ចាស់ និងជាអ្នកនាំ franchise មួយនេះចូលកម្ពុជា លោកស្រី លី ដាលីន បានរៀបរាប់ដំណើរដើមទងតាំងពីការសិក្សា រហូតដល់បើកហាង។
និយាយពីអ្នកនាំយកហាងល្បីឈ្មោះនៅទូទាំងអាស៊ីមកកម្ពុជា លោកស្រី លី ដាលីន ដែលកំពុងជោគជ័យមែនទែនលើមុខជំនួញម្ហូបអាហារមួយនេះ។ Chairwoman របស់ក្រុមហ៊ុន Cham & Ly Corporation បានមើលឃើញឱកាសនឹងនាំយកឈ្មោះហាងស្លាកយីហោ BreadTalk ចូលកម្ពុជាមុនគេ។ តើប្រវត្តិនិងការតស៊ូលើការងាររបស់លោកស្រីយ៉ាងណាខ្លះ?
លោកស្រី លី ដាលីន មានឱកាសទៅសិក្សារៀនសូត្រនៅក្រៅប្រទេសតាំងពីក្មេងមកនៅសាកលវិទ្យាល័យ St. John’s University ក្នុងសហរដ្ឋអាមេរិកលើជំនាញ Business។ តែយ៉ាងណាមិញ បើតាមការបញ្ជាក់ផ្ទាល់ពីលោកស្រី ដាលីន អះអាងថានៅសាកលវិទ្យាល័យនោះ លោកស្រីបានផ្ដោតលើការរៀន English as a Second Language (ESL) ជាង Business Management ។
មិនខុសពីអ្នកសិក្សាក្រៅប្រទេសផ្សេងទៀត អ្នកស្រីតែងតែស្វ័យសិក្សាច្រើនជាមួយមិត្តភ័ក្ដិ និងភ្លក់រសជាតិហាងកាហ្វេ តែ ជាច្រើន រហូតជាប់ចិត្តទៅលើហាងកូរ៉េមួយ។ ស្ត្រីអភិជនរូបនេះនិយាយថា តែពពុះដូងនៅទីនោះ គឺមានរសជាតិឆ្ងាញ់ជាងគេបំផុតហើយ។ ដោយសារតែស្គាល់រសជាតិ និងយល់ច្បាស់ពីការធ្វើជំនួញផង ទើបនៅឆ្នាំ ២០០១ ពេលត្រលប់មកកម្ពុជាវិញក៏ចាប់ផ្ដើមរកស៊ីលើវិស័យចំណីអាហារនេះតែម្ដង។ ដោយកាលនោះ ចាប់ផ្ដើមបង្កើតគ្រួសារផង និងធ្វើការផ្ទាល់ខ្លួនបើកមុខជំនួញផង។
ឈានដល់ឆ្នាំ ២០១៤ លោកស្រី ដាលីន ក៏ចាប់ផ្ដើមបើកហាង BreadTalk ដំបូងនៅកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលយីហោនេះល្បីខ្លាំងមែនទែននៅសិង្ហបុរី។ បើកដំបូងមានគូប្រជែងច្រើនមែន ប៉ុន្តែអ្វីដែលជា Unique របស់ហាង BreadTalk នៅតែទាក់ចិត្តអតិថិជនបានដដែល។ ដាលីន បានអះអាងថាការធ្វើទីផ្សារ Promotion ជារឿងសំខាន់ និងទាក់ទាញមនុស្សបានច្រើនហើយ តែអ្វីដែលធ្វើឲ្យអតិថិជនមកគាំទ្រមកម្ដងហើយ ចង់មកម្ដងទៀតនោះគឺរសជាតិឆ្ងាញ់ជាប់មាត់តែម្ដង។ ហាងត្រូវតែមានអ្វីថ្មី ប្លែក និងឆ្ងាញ់ៗសម្រាប់អតិថិជន ទើបអាចទាក់ចិត្តពួកគេបាន។ រហូតដល់បច្ចុប្បន្ននេះ BreadTalk បានបើកសាខាច្រើនមែនទែនក្នុងប្រទេសកម្ពុជា។
ហាងរកស៊ីរបស់លោកស្រី ក៏បានជួយដល់កសិផលកម្ពុជាផង ដោយម្ចាស់ហាងខាងលើតែងតែគាំទ្រផលិតផលក្នុងស្រុកជានិច្ច។ ស្ត្រីជំនួញវ័យ ៤៥ ឆ្នាំរូបនេះ បានច្នៃនំជាច្រើនប្រភេទចេញពីកសិផលដាំដោយដៃកូនខ្មែរពិតៗ ដើម្បីជាការជួយមួយផ្នែកនៅវិស័យកសិកម្ម។ រហូតដល់បច្ចុប្បន្ននេះ BreadTalk មាននំជាច្រើនប្រភេទដែលធ្វើឡើងពីកសិផលកូនខ្មែរពិតៗ និងទទួលបានការគាំទ្រខ្លាំងផងដែរ៕
អត្ថបទ៖ មេរ៉ា,រូបភាព៖ FB Ly Daline