ថ្ងៃចូលរោងមង្គលការកូនប្រុសលោក ឡាំ ហេងហួត មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគ្រប់គ្រងគ្រោះមហន្តរាយ ជាមួយកូនស្រីឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន កាលពីម្សិលមិញ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមស្ញប់ស្ញែងពីភាពអស្ចារ្យនៃការតុបតែង ពិសេសគឺកូនកំលោះ-ក្រមុំតែម្ដង។
កូនក្រមុំឈ្មោះ អូន ព័ន្ធមណីលក្ស្មី កូនស្រីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយដន្លងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន គឺលោក ឡាំ ហេងហួត មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលមានកូនកំលោះឈ្មោះ ឡាំ ជុងហាវ។ មិនត្រឹមរូបសម្រស់គូស្វាមីភរិយាថ្មីៗនៃ គ្រួសារអភិជនគូនេះ ទាក់ចិត្តមហាជន សូម្បីតែតែខ្សែភ្នែកសម្លឹងគ្នា ក៏គូនេះបង្ហាញពីចរិតចាស់ទុំ ប្រកបដោយភាពថ្លៃថ្នូរផងដែរ។
កម្មវិធីអាវាហមង្គលនៃត្រកូលមានមុខមាត់ក្នុងសង្គមទាំង ២ បានអញ្ជើញសុទ្ធតែថ្នាក់ដឹកនាំធំៗតាមស្ថាប័នរដ្ឋផ្សេងៗ ហើយក៏មានអ្នកជំនួញច្រើនដូចគូស្វាមីភរិយាអភិជនដទៃទៀតដែរ។ មួយវិញទៀតភ្ញៀវកូនក្រមុំ និងកូនកំលោះសុទ្ធសឹងជាកូនបណ្ដាឥស្សរជនជាន់ខ្ពស់ដូចគ្នា ដោយរៀបចំខ្លួនសមសួននឹងកម្មវិធីទាំងព្រមតែម្ដង។
កូនកំលោះ ឡាំ ជុងហាវ និងកូនក្រមុំ អូន ព័ន្ធមណីលក្ស្មី ភ្ជាប់ពាក្យតាំងពីអំឡុងខែមីនា ឆ្នាំ ២០២០ មកម្ល៉េះ ហើយពេលនេះជាវេលាជ័យដ៏ធំក្នុងជីវិត៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ One Memory និង Kun FotoCity