ថ្មីៗនេះ ស្ថាបនិក និងជាអតីតថៅកែក្រុមហ៊ុនប្រណាំងឡានដ៏ល្បីឈ្មោះទូទាំងពិភពលោក Formula One លោក Bernie Ecclestone បានប្រកាសលក់រថយន្តដែលបានសន្សំទុករយៈពេលរាប់សិបឆ្នាំទាំងអស់ ក្នុងតម្លៃប្រហែល ៤០០លានដុល្លារ។
តាមរយៈការចុះផ្សាយពីបណ្ដាញសារព័ត៌មានអន្តរជាតិធំៗ បានឲ្យដឹងថា ខូឡិកសិនឡាន ដែលអ្នកជំនួញជនជាតិអង់គ្លេសរូបនេះ បានប្រមែប្រមូលទុកមានរហូតដល់ ៦៩គ្រឿង រួមទាំងរថយន្ត Ferrari ដែលឈ្នះក្នុងកម្មវិធី F1 ដំបូងបំផុតថែមទៀត។
អ្នកជំនួញលើវិស័យយានយន្តវ័យ ៩៤ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំបានប្រមូលរថយន្តទាំងនេះ អស់រយៈពេលជាង ៥០ឆ្នាំហើយ ហើយពួកវាសុទ្ធតែជារថយន្តកំពូលៗ។ ខ្ញុំពិតជាស្រឡាញ់រថយន្តទាំងនេះណាស់ ក៏ប៉ុន្តែវាគួរតែដល់ពេលខ្ញុំគិតថា បើសិនខ្ញុំលែងរស់នៅលើលោកនេះ តើរថយន្តទាំងនេះ គួរចាត់ចែងបែបណា? ដូច្នេះទើបខ្ញុំសម្រេចលក់វាទាំងអស់»។
លោក Bernie Ecclestone បានចាប់ផ្ដើមអាជីពលើវិស័យប្រណាំងយានយន្តតាំងពីទសវត្សឆ្នាំ១៩៥០ ជាអ្នកគ្រប់គ្រងកីឡាករ Stuart Lewis-Evans និង Jochen Rindt។ ក្នុងឆ្នាំ១៩៧១ លោកបានទិញយកក្រុម Brabham F1 និងបានក្លាយជា CEO នៃក្រុមហ៊ុន Formula One Group ក្នុងឆ្នាំ១៩៨៧។
ក្នុងឆ្នាំ២០១៧ លោក Bernie បានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន បន្ទាប់ពីក្រុមហ៊ុន Liberty Media ជោគជ័យក្នុងការទិញយកក្រុមហ៊ុន Formula One ក្នុងតម្លៃ ៤,៦ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress