កំពូលអ្នកជំនួញ គិត ម៉េង ផ្តាំថា ដល់ពេលវេលាដែលត្រូវក្រោកឈរឡើងដើម្បីខ្លួនអ្នក និងគ្រប់គ្រងជីវិតរបស់អ្នកហើយ

មហាសេដ្ឋីលំដាប់ជួរមុខកម្ពុជា គិត ម៉េង ដែលជាអ្នកករស៊ីច្រើនមុខរបរ ហើយក៏ជាអ្នកការទូតពាណិជ្ជកម្ម និងវិនិយោគដ៏ល្បីល្បាញផងនោះ បានផ្តាំឲ្យមនុស្សគ្រប់ភ្ញាក់រលឹកដល់ពេលវេលាដែលអ្នកត្រូវក្រោកឈរឡើងដើម្បីខ្លួនអ្នក និងគ្រប់គ្រងជីវិតរបស់អ្នកហើយ។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន មហាសេដ្ឋី គិត ម៉េង បានថ្លែងថា “អ្នកត្រូវមានភាពក្លាហានដើម្បីភាពលូតលាស់របស់អ្នក ហើយក្លាយខ្លួនជាមនុស្សមានតម្លៃ”។ សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងដោះស្រាយបញ្ហាទាក់ទងនឹងការចោទប្រកាន់ សម្តីបំភ័យ ឬបន្តុះបង្អាប់ និងសម្ពាធសង្គមផ្សេងៗ។ នេះជាមូលហេតុសំខាន់ដែលអ្នកត្រូវក្រោកឈរទ្បើងដើម្បីខ្លួនអ្នក និងយល់ពីវីធីក្នុងការដោះស្រាយរឿងទាំងនោះឱ្យបានត្រឹមត្រូវ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ាដែលមានឥទ្ធិពលក្នុងអាណាចក្រជំនួញក្នុងស្រុកខ្មែររូបនេះ បានបង្ហាញនូវគន្លឹះយ៉ាងដូច្នេះថា៖

  • ការពារកេរ្តិ៍ឈ្មោះរបស់អ្នក៖ មុសាវាទអាចរីកសាយភាយយ៉ាងឆាប់រហ័សក្នុងចំណោមមនុស្ស។ “សម្តីភូតកុហកពិបាកក្នុងការបញ្ឈប់ និងធ្វើឱ្យមនុស្សជាច្រើនជឿដោយមិនបានផ្ទៀងផ្ទាត់ការពិត”។ ដូច្នេះ ដើម្បីការពារកិត្តិនាមល្អរបស់អ្នក សូមអ្នកតបពាក្យកុហកទាំងនោះ ដោយនិយាយតែការពិត។
  • បញ្ឈប់សម្តីបំភ័យ ឬបន្តុះបង្អាប់៖ សម្តីបំភ័យ ឬបន្តុះបង្អាប់របស់អ្នកដទៃទៅលើអ្នកបន្តកើតមាន ដោយសារតែភាពស្ងៀមស្ងាត់របស់អ្នក។ ដូច្នេះ សូមតតាំងនឹងសម្តីបំភ័យ ឬបន្តុះបង្អាប់ទាំងនោះ ដើម្បីបញ្ឈប់ឥរិយាបថបែបនេះ និងផ្តល់នូវទំនុកចិត្ត ឱកាស និងការសម្រេចចិត្តដល់អ្នកដទៃដើម្បីគ្រប់គ្រងជីវិតរបស់ពួកគេ។
  • ទប់ទល់នឹងសម្ពាធពីមិត្តភក្តិ ឬពីក្រុម៖ រក្សាភាពស្មោះត្រង់ចំពោះគុណតម្លៃរបស់អ្នក ដោយនិយាយម៉ឺងម៉ាត់ថា “ទេ” នៅពេលដែលមានសម្ពាធមកលើអ្នក។

លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុនរ៉ូយាល់ គ្រុប អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនូវវិធី ៥យ៉ាងដើម្បីក្រោកឈរទ្បើងឱ្យទទួលបានប្រសិទ្ធភាព៖

១. ដាក់ដែនកំណត់៖ អ្នកត្រូវឱ្យមនុស្សជុំវិញអ្នកដឹងពីអ្វីដែលមិនសមរម្យ។ អ្នកអាចនិយាយថា៖ “ខ្ញុំនឹងមិនទទួលយកចំពោះការបញ្ចេញមតិមិនគោរពគ្នានោះទេ។ សូមបញ្ឈប់មតិបែបនេះ។”

២. ស្វែងរកជំនួយ៖ កុំខ្លាចក្នុងការសុំជំនួយ។ “ការសុំជំនួយមិនមែនបង្ហាញថាអ្នកខ្សោយ ឬចុះចាញ់នោះទេ។ ទង្វើនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងភាពធន់របស់អ្នក។”

៣. កត់ត្រាទុកគ្រប់ទង្វើ៖ តាមដាន និងកត់ត្រានូវអ្វីដែលកើតឡើង។ “ចុងប៊ិកមានឥទ្ធិពលខ្លាំងជាងផ្លែដាវទៅទៀត។” សុភាសិតនេះមានន័យថាការបញ្ចេញមតិប្រកបដោយបញ្ញា ការធ្វើទំនាក់ទំនង និងការកត់ត្រាមានអានុភាពខ្លាំងជាងការប្រើកម្លាំងកាយ និងអំពើហិង្សាទៅទៀត។

៤. ធ្វើទំនាក់ទំនងដែលមានភាពងាយយល់៖ អ្នកត្រូវមានភាពច្បាស់លាស់ និងម៉ឺងម៉ាត់។ អ្នកអាចនិយាយថា៖ “ខ្ញុំបានឃើញព័ត៌មានមិនពិតដែលអ្នកកំពុងផ្សព្វផ្សាយ។ សូមបញ្ឈប់ ហើយកែតម្រូវព័ត៌មាននោះជាបន្ទាន់។”

៥. មានភាពជឿជាក់លើខ្លួនឯង៖ អ្នកត្រូវមានភាពជឿជាក់លើខ្លួនអ្នក។ “អ្នកត្រូវជឿថាអ្នកមានសមត្ថភាពធ្វើបាន។” ទំនុកចិត្តដែលអ្នកមានលើខ្លួនអ្នកអាចលុបបំបាត់នូវសម្តីបំភ័យ ឬបន្តុះបង្អាប់ ការចោទប្រកាន់នានាមកលើអ្នក ហើយបង្ហាញពីភាពខ្លាំងរឹងមាំរបស់អ្នកក្នុងការគ្រប់គ្រប់លើខ្លួនឯង។

អ្នកឧកញ៉ាបានបញ្ជាក់បន្ថែមថា ការក្រោកឈរឡើងដើម្បីខ្លួនអ្នកគឺជាគន្លឹះក្នុងការរក្សាសេចក្តីថ្លៃថ្នូរ និងសុខភាពផ្លូវចិត្តរបស់អ្នកឱ្យនៅដដែល។ សូមទាមទារការគោរពដែលអ្នកសមនឹងទទួលបាន ហើយធ្វើជាគំរូដ៏រឹងមាំមួយ។ សូមចែករំលែកបទពិសោធរបស់អ្នក និងជំរុញទឹកចិត្តអ្នកដទៃឱ្យធ្វើតាម៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកអ្នកឧកញ៉ា គិត ម៉េង