គូស្នេហ៍កូនអ្នកមានក្នុងស្រុកមួយគូ គឺកញ្ញា ឃួង ស៊ីណាម៉ាឡែន កូនស្រីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគូដណ្ដឹង លីម ធារ៉ា កូនប្រុសឧកញ៉ា លីម ប៊ុណ្ណា បានចេញថត Pre-Wedding ត្រៀមចូលរោងការហើយ។
អនាគតកូនប្រសាស្រីសេដ្ឋី លីម ប៊ុណ្ណា ទើបមានវ័យ ទើបតែ ២០ ឆ្នាំស្ដើង ហើយទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងទទួលបានសញ្ញាបត្រពីប្រទេសអូស្ត្រាលី កាល ២០២៣ ហើយកូនប្រុសវិញក៏បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Nottingham Trent ប្រទេសអង់គ្លេសក្នុងឆ្នាំដូចគ្នា។
ថ្មីៗលេចចេញសកម្មភាពថត Pre-Wedidng របស់កញ្ញា ឃួង ស៊ីណាម៉ាឡែន និង លោក លីម ធារ៉ា នៅតាមរមណីយដ្ឋានផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយរូបភាពនីមួយៗចេញមកមានភាពសាមញ្ញ តែបង្កប់ដោយភាពថ្លៃថ្នូរសមជាពូជពង្សអ្នកមានមុខមាត់ក្នុងសង្គម។
គូស្នេហ៍ដែលសមទាំងរូបសម្ផស្ស និងឋានៈក្នុងសង្គមគូនេះ មានភាពចាស់ទុំ និងសុភាពរាបសារទន់ភ្លន់ ហើយក៏តែងតែបង្ហាញរូបភាព និងវីដេអូសកម្មភាពលើបណ្ដាញសង្គម ហើយមានអ្នកគាំទ្រច្រើនមិនចាញ់បុគ្គលល្បីៗដទៃឡើយ។
គួរបញ្ជាក់ផងដែរថា លីម ធារ៉ា កូនសេដ្ឋី លីម ប៊ុណ្ណា ហៅខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) ដែលមានជំនួញជាច្រើននៅក្នុងដៃ បានរៀបចំកម្មវិធី Proposal នៅលើទឹកដីប្រទេសអូស្រ្តាលី ហើយកូនស្រីចៅហ្វាយក្រុងក៏បានឆ្លើយយល់ព្រមដូចគ្នាផងដែរ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Theara Lim and Sinamalaine Khuong