ជិន ស្រីអយុធ្យា ដែលជាអ្នកគូរគំនូរលើជញ្ជាំង ហើយអ្វីដែលគេស្គាល់បំផុតគឺការគូរលើតាមជញ្ជាំងនៅតាមព្រះវិហារជាដើម។ យុវតីវ័យ២៣ ឆ្នាំរូបនេះមិនត្រឹមមានទេពកោសល្យគូរគំនូរយ៉ាងស្រស់ស្អាតនោះទេ តែកញ្ញាក៏ចេះសរសេរអក្សរខ្មែរបុរាណ ៣សម័យកាល។
អយុធ្យា មានជំនាញគំនូរបុរាណ ថែមទាំងចេះសរសេរអក្សរបុរាណខ្មែរដល់ទៅ ៣ សម័យកាល គឺ សម័យមុនអង្គរ សម័យអង្គរ និងក្រោយអង្គរ។ ជិន ស្រីអយុធ្យា បញ្ចក់សិក្សាផ្នែករចនាក្រាហ្វិក នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោយបញ្ចប់ថ្នាក់គំនូរបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ។
កញ្ញា ជាវិចិត្រករគំនូរបុរាណ ដ៏មានទេពកោសល្យម្នាក់ ដែលជួយផ្សព្វផ្សាយយ៉ាងសកម្មចំពោះស្នាដៃគំនូរបុរាណ ខ្មុកស្មាច់ និងអក្សរបុរាណ នៅលើបណ្ដាញសង្គមជាយូរមកហើយ។ ការគាំទ្រដ៏ច្រើននេះ បានជំរុញឲ្យអយុធ្យា កាន់តែខិតខំឈ្វេងយល់ និងហ្វឹកហាត់សរសេរអក្សរបុរាណ និងកំពុងចែករំលែកចំណេះដឹងនេះជាបន្តបន្ទាប់ដល់យុវជនជំនាន់ក្រោយទៀតផង។
ងាកទៅមើលរូបគំនូររបស់ ជិន ស្រីអយុធ្យា ពិតជាស្រស់ស្អាត ប្រណីត ជាបែបបទរបស់ខ្មែរប្រាកដមែន។ មិនត្រឹមចេះសរសេរអក្សរបុរាណនៅលើក្រដាស ឬផ្ទាំងគំនូរហើយ ស្រីអយុធ្យា មានបំណងរៀនសូត្របន្ថែមពីអក្សរបុរាណ និងរបៀបសរសេរលើស្លឹករឹតបន្ថែមទៀត ព្រោះនាងចង់ ចារអក្សររបស់ខ្លួននៅលើស្លឹករឹត។
គួរបញ្ជាក់ថាជំនាញសិល្បៈគំនូរបុរាណរបស់ ជិន ស្រីអយុធ្យា បានរៀន និងអនុវត្តផ្ទាល់ចូលមកដល់នេះរយៈពេល ១២ ឆ្នាំហើយ៕
អត្ថបទៈ មេរ៉ា, រូបភាព៖ FB ជិនស្រី អយុធ្យា