២០ឆ្នាំមុន កោះសង្សារតម្លៃត្រឹម ១៥ ០០០ដុល្លារ បច្ចុប្បន្នប្រែក្លាយជារីសតលំដាប់ផ្កាយ៥

កោះសង្សារដែលជារីសតអភិជនលំដាប់ផ្កាយ៥ ហើយបន្ទប់ស្នាក់នៅមួយយប់ៗតម្លៃខ្ទង់ពាន់ដុល្លារ ធ្លាប់ជាកោះមួយមានតម្លៃត្រឹម ១៥ ០០០ដុល្លារប៉ុណ្ណោះកាលពី ២០ឆ្នាំមុន។

តាមដានជាមួយយើង៖ Million Times

កាលពីឆ្នាំ២០០៤ អ្នកនាង Melita Koulmandas រួមជាមួយគូស្នេហ៍ចាស់ បានធ្វើដំណើរកម្សាន្តនៅប្រជុំកោះរ៉ុង ដោយបានជួលទូកនេសាទមួយ។ អំឡុងពេលធ្វើដំណើរលើផ្ទៃសមុទ្រ គូស្នេហ៍មួយគូនេះប្រទះភ្នែកជាមួយកោះតូចៗចំនួន២ ហើយម្ចាស់ទូកបានប្រាប់ថា គាត់ស្នាក់នៅលើកោះមួយក្នុងចំណោមកោះទាំង២។

ម្ចាស់ទូកបានរអ៊ូរទាំប្រាប់គូស្នេហ៍បរទេសមួយគូនេះថា ពេលខែទឹកជន់ម្ដងៗ គ្រួសារលោកពិបាករស់នៅណាស់ និងមានបំណងទៅរស់នៅលើដីគោកវិញ ដូច្នេះហើយអ្នកនាង Koulmandas ចង់ទិញកោះនោះដែរទេ ដោយគាត់ព្រមលក់ឲ្យក្នុងតម្លៃ ១៥ ០០០ដុល្លារ។

ភ្លាមៗ អ្នកនាង Koulmandas ក៏បានឆ្លើយថាព្រមទិញ និងបានឡើងមកទីក្រុងភ្នំពេញ រៀបចំឯកសារទិញលក់កោះមួយនោះ។ ពេលក្លាយជាម្ចាស់កោះដំបូងៗ អ្នកនាងបានរំលឹកឡើងវិញថា កោះមួយនេះសុទ្ធតែសំរាម ហើយជីវចម្រុះក្នុងទឹកក៏សឹងតែងាប់អស់ដែរ។

ដោយមានការសហការពីអាជ្ញាធរក្នុងតំបន់ គួបផ្សំនឹងការជួលមនុស្សសំអាតផង កោះសង្សារដែលធ្លាប់តែទុកចោល បានប្រែក្លាយជារីសតដ៏ពេញនិយម និងស្រស់បំព្រង នៅក្នុងឆ្នាំ២០១២។

ម្ចាស់រីសតជនជាតិក្រិកកាត់អូស្ត្រាលីរូបនេះបញ្ជាក់ទៀតថា ការបើករីសតកោះសង្សារ លោកស្រីមិនរំពឹងទទួលបានការគាំទ្រខ្លាំងក្លាឡើយ ដោយគ្រាន់តែចង់ជួយដល់ប្រជាជនក្នុងតំបន់ឲ្យមានការងារធ្វើ និងផ្សព្វផ្សាយពីទស្សនីយភាពដ៏ស្រស់ត្រកាល នៃដែនសមុទ្រកម្ពុជាទៅកាន់ពិភពលោក ដ្បិតកន្លងមកជនបរទេសដែលមកលេងកម្ពុជាស្គាល់តែប្រាសាទអង្គរវត្ត និងតែងរំលងការមកលេងនៅប្រជុំកោះ។

ម្ចាស់រីសតលំដាប់ផ្កាយ៥ មួយនេះបង្ហើបប្រាប់ថា ភ្ញៀវដែលមកលេងកម្សាន្តនៅកោះសង្សារភាគច្រើន គឺជាគូស្នេហ៍ថ្មីថ្មោង ដែលទើបរៀបអាពាហ៍ពិពាហ៍។

បច្ចុប្បន្ន កោះសង្សារគឺជាប្រជុំកោះតូចៗចំនួន២ មានកោះអូន និងកោះបង ដែលត្រូវបានតភ្ជាប់ដោយស្ពាន ឆ្លងកាត់លើផ្ទៃទឹកសមុទ្រថ្លាឆ្វង់អាចមើលឃើញនូវជីវចម្រុះជាច្រើន។

កោះសង្សារមានរយៈចំងាយប្រហែល ២ម៉ោងកន្លះពីរាជធានីភ្នំពេញ បើសិនធ្វើដំណើរដោយរថយន្ត និង ៤៥នាទីពីខេត្តសៀមរាប តាមរយៈជើងយន្តហោះ៕

អត្ថបទ៖ Luffy រូបភាព៖ TripAdvisor/ Booking