ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបង្កើតកម្មវិធី តន្ត្រីចាប៉ីភូមិខ្ញុំ២០២៤ ក្រោមប្រធានបទ “រំឭកដឹងគុណបុព្វការីចាប៉ីដងវែង” ដើម្បីអបអរដល់ខួប៨ ឆ្នាំចាប៉ីដងវែងចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីពេលថ្មីៗនេះ។
កម្មវិធីខាងលើនេះដែរធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង និងមានការចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុបផ្ទាល់ផងដែរ។ ក្នុងឱកាសនោះកំពូលសេដ្ឋីនី រូបនេះ បានអះអាងថាការរៀបចំកម្មវិធីនេះឡើង ដើម្បីជាការដាស់តឿន និងបង្ហាញឱ្យអ្នកជំនាន់ក្រោយបានឃើញ និងស្គាល់មរតកដូនតាខ្មែរ។
ចាប៉ីដងវែង ជាសិល្បៈរបស់ខ្មែរ មានជាយូរយារណាស់មកហើយ។ គ្រប់គ្នាត្រូវតែរក្សា ជួយផ្សព្វផ្សាយ កុំឱ្យបាត់សិល្បៈបុរាណទាំងអស់មិនថាតែចាប៉ីទេ សិល្បៈបុរាណដទៃទៀតក៏ត្រូវតែជួយគាំទ្រដូចគ្នា។ នេះជាកាលលើកឡើងពីសំណាក់អ្នកជំនួញស្រីល្បីរាប់ទសវត្សរ៍ខាងលើ។ ស្រ្តីខ្លាំងក្នុងមុខជំនួញបានស្លៀកពាក់ប្រពៃណីខ្មែរ អាវប៉ាក់ សពត់ហូលបត់ បត់ជើងអង្គុយទស្សនាការសម្ដែងរបស់សិល្បករចាប៊ីដងវែង ក្នុងចំណោមសាមញ្ញជនទូទៅដែរច្រើនកុះករ។
សូមរំលឹកដែរថាក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រមូលផ្តុំអស់ហើយនូវសិល្បៈ និង ស្នាដៃកម្រដើម្បីកូនខ្មែរជំនាន់ក្រោយបានដឹង បានឮ បានស្គាល់ និង បានឃើញ ហើយនឹងនៅតែបន្តស្វែងរកស្នាដៃកម្រដើម្បីចែករំលែកបន្ថែមទៀតសម្រាប់បង្ហាញជូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
កន្លងមកក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏ធ្លាប់បានអនុញ្ញាតឲ្យមានការសម្ដែងល្ខោនបាសាក់ អាយ៉ៃ និងកម្មវិធីសិល្បៈបុរាណជាច្រើនទៀត ដើម្បីជាការលើកស្ទួយ និងជាការទាក់ទាញអ្នកទេសចរជាតិ-អន្តរជាតិ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Chip Mong 271 Mega Mall