ឡេង ដាវី សេដ្ឋីនីវ័យក្មេង ហើយក៏ជាប្រធានក្រុមហ៊ុន Rithy Granite Cambodia ដែលរកស៊ី និងផ្គត់ផ្គង់ថ្មក្រានីត ថ្មម៉ាប ដ៏ធំមួយក្នុងប្រទេសកម្ពុជា នឹងចូលរួមកម្មវិធីសន្និសីទមួយនៅប្រទេសវៀតណាម នាសប្ដាហ៍ក្រោយនេះ។
អគ្គនាយិកា ឡេង ដាវី កូនស្រីសេដ្ឋី ឡេង ឬទ្ធី ដែលមានក្រុមហ៊ុនដ៏ធំបំផុតនៅខ្មែរមានជំនួញផ្នែកថ្មម៉ាប និងថ្មក្រានីត នឹងធ្វើបទបង្ហាញនាថ្ងៃ ១២ ខែធ្នូ ឆ្នាំ ២០២៤ លើប្រធាបទ ASEAN Stone Panel Discussion: The Evolution of the Stone Industry នៅក្នុង Hall2 Saigon មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ក្រៅពីលោកស្រី ឡេង ដាវី ក៏នឹងមានវាគ្មិនដែលមានបទពិសោធន៍ផ្នែកថ្មក្រានីត នឹងធ្វើបទបង្ហាញអ្វីល្អៗដល់អ្នកចូលរួម។
ក្រុមហ៊ុន Rithy Granite Cambodia ទទួលបានការអញ្ជើញពីសំណាក់ Southeast Asia Stone and Tile Exhibition ផ្ទាល់។ នៅឯកាតាំងពិព័រណ៍ នោះ Rithy Granite Cambodia នឹងបង្ហាញអំពីសម្ភារៈរ៉ែចុងក្រោយបង្អស់ និងមានការពិភាក្សាស៊ីជម្រៅ ដើម្បីឈានទៅដល់កិច្ចសហការដ៏មានសក្ដានុពល។ CEO ឡេង ដាវី នឹងថ្លែងសុន្ទរកថា នៅថ្ងៃទី១២ ខែធ្នូ វេលាម៉ោង ១០ ព្រឹក ពីការចែករំលែក និងការអភិវឌ្ឍន៍ថ្មនៃកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Rithy Granite Cambodia និងក្រុមហ៊ុន ឫទ្ធី 2ធ្នូ អ៊ិនវេសមេន ធ្លាប់បានចូលរួមពិព័រណ៍ស្ដីពីការតាំងផលិតផលថ្មជាច្រើនមកហើយ ដូចជាចូលរួមតាំងពិព័រណ៍ចិន-អាស៊ាន លើកទី២១ “The 21th China-ASEAN Expo”ធ្វើឡើងកាលពីថ្ងៃ ២៤-២៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន និងព្រឹត្តិការណ៍តាំងបង្ហាញថ្មម៉ាប Marmomac នៅ Verona Stone Fiere ដែលមានទីតាំងនៅអ៊ីតាលីទៀតផង៕
អត្ថបទ៖ មេរ៉ា, រូបភាពផ្ដល់ឲ្យ