មកស្គាល់កាបូបយួរដៃថ្លៃបំផុតលើលោក សុទ្ធតែប្រណីតៗតម្លៃចាប់ពីកន្លះលានដុល្លារ

កាបូបយួរដៃ គឺជាសម្ភារៈដ៏ពេញនិយមបំផុត ក្នុងការបង្ហាញពីមុខមាត់ និងកេរ្តិ៍ឈ្មោះក្នុងសង្គម ដ្បិតកាបូបប្រណីតនីមួយៗ សុទ្ធតែត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយប្រើសុទ្ធសឹងតែស្បែកសត្វថ្លៃ និងមានតម្លៃរាប់សែនដុល្លារឯណោះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន WWD បានរាយការណ៍ថា បច្ចុប្បន្នម៉ាកយីហោកាបូបយួរដៃថ្លៃៗ ហើយពេញនិយមបំផុតគឺ Hermes ដោយសារតែក្រុមហ៊ុននេះផលិតកាបូបចេញពីស្បែកសត្វសុទ្ធ និងដេរដោយដៃផ្ទាល់។

កាបូបយួរដៃថ្លៃៗ សុទ្ធតែធ្វើការកក់ទុកមុនរាប់ខែ ឬឈានដល់រាប់ឆ្នាំក៏មាន ដោយសារវាមិនត្រូវបានផលិតទុកមុននោះឡើយ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកាបូបយួរដៃថ្លៃបំផុតលើលោកទាំង ៥ម៉ាក៖

1/ កាបូប Hermes Himalaya Kelly តម្លៃ ៥១៣ ២០០ដុល្លារ

វាត្រូវបានផលិតឡើងពីស្បែកក្រពើហិម៉ាឡៃដ៏កម្រ និងមានលំអដោយមាស ១៨ការ៉ាត់ ក៏ដូចជាត្បូងពេជ្រជាច្រើនផងដែរ។

2/ កាបូប Louis Vuitton Millionaire Speedy តម្លៃ ១លានដុល្លារ

វាគឺជាកាបូបរបស់ក្រុមហ៊ុនសម្ភារៈនិយម Louis Vuitton ដែលមានតម្លៃថ្លៃបំផុតមួយ និងត្រូវបានផលិតឡើងពីស្បែកក្រពើពណ៌លឿង រចនាឡូហ្គោរបស់ក្រុមហ៊ុន LV និងមានត្បូងពេជ្រដាំនៅតាមខ្សែកាបូប។

3/ កាបូប Hermes Ginza Tanaka Birkin តម្លៃ ១,៩លានដុល្លារ

កាបូបមួយនេះ ត្រូវបានបង្កើតឡើងតាមការចាប់ដៃរវាងក្រុមហ៊ុន Hermes និងអ្នកជំនាញគ្រឿងអលង្ការជប៉ុន Ginza Tanaka កាលពីឆ្នាំ២០១៥ ហើយមានតម្លៃ ១,៩លានដុល្លារ។ វាត្រូវបានតុបតែងលំអរដោយត្បូងពេជ្រ ២ ១៨២គ្រាប់ និងមានពេជ្រមួយគ្រាប់ចំកណ្ដាលទំហំ ៨ការ៉ាត់ថែមទៀត។

4/ កាបូប Hermes Sac Bijou Birkin តម្លៃ ២លានដុល្លារ

ដាក់លក់ក្នុងតម្លៃ ២លានដុល្លារ កាបូបដ៏តូចប្រណីតមួយនេះបង្ហាញរូបរាងក្នុងឆ្នាំ២០១២ ដោយអ្នករចនា Pierre Hardy ក្នុងរូបរាងតូច និងមានគោលបំណងពាក់វាជាខ្សែដៃ។ វាត្រូវបានលំអរដោយត្បូងពេជ្រពណ៌ Rose Gold ច្រើនជាង ២ ០០០គ្រាប់ និងមានតែ ៣កាបូបប៉ុណ្ណោះលើពិភពលោក។

1/ កាបូប​ Mouawad 1001 Nights តម្លៃ ៣,៨លានដុល្លារ

កាបូបមួយនេះបានជាប់កំណត់ត្រា Guinness World Records ជាកាបូបមានតម្លៃថ្លៃបំផុតលើលោក និងត្រូវបានបង្កើតឡើងដោយអ្នកជំនាញគ្រឿងអលង្ការ Mouawad។ វាត្រូវការសិប្បករជំនាញរហូតដល់ ១០នាក់ ដើម្បីលំអរត្បូងពេជ្រលើកាបូបរូបរាងបេះដូងនេះ ច្រើនជាង ៤ ០០០គ្រាប់៕

អត្ថបទ៖ Luffy រូបភាព៖ WWD