លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ទទួលបានពានរង្វាន់អតីតនិស្សិតកិត្តិយស ពីសាកលវិទ្យាល័យ Adelaide The University of Adelaide របស់ប្រទេសអូស្ត្រាលី ដែលបញ្ជាក់ពីការទទួលស្គាល់សមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា។
គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្ដល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចសមិទ្ធផលលេចធ្លោក្នុងការប្រើប្រាស់ចំណេះជំនាញពីការសិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញគំរូវីរភាពល្អសម្រាប់បំផុសគំនិតវិជ្ជមាន ដល់យុវជនជំនាន់ក្រោយ។
ក្នុងឱកាសទទួលពានរង្វាន់នេះ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបានទទួលស្គាល់សមិទ្ធផលការងារលោកស្រី ព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ បានចូលរួមផ្ដល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឲ្យទេសាភិបាលធនាគារជាតិកម្ពុជា អាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុងអាជីពវិជ្ជាជីវៈ។
លោកជំទាវបណ្ឌិត ជា សិរី បានសម្រេចស្នាដៃការងារលេចធ្លោជាច្រើន ហើយតែងបានទទួលការអញ្ជើញធ្វើជាវាគ្មិនចែករំលែកចំណេះដឹង និងបទពិសោធន៍លើឆាកអន្តរជាតិជាច្រើន។ បន្ថែមលើនេះ លោកស្រីតែងខិតខំយ៉ាងសកម្មក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច សម្រាប់ស្ត្រី ដើម្បីជំរុញការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។
ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកលវិទ្យាល័យ Adelaide ក្នុងឆ្នាំ ២០២១ ដោយផ្ដោតលើការសិក្សាស្រាវជ្រាវពីឥទ្ធិពលនៃបរិយាបន្នហិរញ្ញវត្ថុ និងសេរីភាវូនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ National Bank of Cambodia