កូនប្រុសសម្តេច ទៀ បាញ់ ដឹកនាំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road លើកដំបូងនៅខេត្តព្រះសីហនុ

នេះជាឆ្នាំដំបូងដែលសហព័ន្ធកីឡាយានយន្តកម្ពុជា រៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គលក្ខណៈអន្តរជាតិ ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាយានយន្តកម្ពុជាទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត នៅខេត្តព្រះសីហនុ ដែលចាប់ផ្តើមបើកជាផ្លូវការ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off Road លើកដំបូងនៅខេត្តព្រះសីហនុ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ដែលមានកីឡាករ កីឡារិនីមកពីថៃ ឡាវ ម៉ាឡេស៊ី ចិន រុស្ស៊ី និងកម្ពុជាជាម្ចាស់ផ្ទះ។

តាមដានជាមួយយើង៖ Million Times

កូនប្រុសសម្តេច ទៀ បាញ់ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ គឺលោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានឱ្យដឹងថា ការប្រណាំងរថយន្ត Off Road ជាលើកដំបូងនៅក្នុងក្រុងព្រះសីហនុ កន្លងមកការប្រណាំងរថយន្ត Off Road ធ្វើនៅក្នុងព្រៃ ឬលើភ្នំ ដែលប្រជាពលរដ្ឋមិនបានចូលរួមទស្សនា ហើយពេលនេះប្រជាពលរដ្ឋនិងភ្ញៀវទេសចរពួកគាត់អាចចូលរួមទស្សនាដោយសេរី។

លោកថា ការប្រណាំងរថយន្ត Off Road នាពេលនេះមានប្រទេសកម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី ចិន និង រុស្ស៊ី ដែល ផ្តល់អត្ថប្រយោជន៍ដល់ការផ្សព្វផ្សាយទីក្រុងព្រះសីហនុ ដោយផ្តោតលើវិស័យទេសចរណ៍ និងជំរុញវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា ឪ្យមានការរីកចម្រើនបង្កើតកីឡាករថ្មីៗ ឈានទៅប្រកួតជាលក្ខណអន្តរជាតិ ហើយកីឡាកររបស់កម្ពុជា បានចូលរួមការប្រកួតកីឡារថយន្ត Off Road នៅប្រទេសថៃ ឡាវ ម៉ាឡេស៊ី និងវៀតណាមផងដែរ។

លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីជម្រុញការអភិវឌ្ឍវិស័យកីឡាជាពិសេសវិស័យកីឡាប្រណាំងរថយន្តចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ និងបង្កើនកិត្យានុភាពខេត្តព្រះសីហនុ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្តថា ព្រឹត្តិការណ៍កីឡានេះមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វ ផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម។

លោកបានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីត្រូវមានស្មារតីទទួលខុសត្រូវក្នុងនាមចិត្តជាកីឡាករយ៉ាងពិតប្រាកដ ដោយស្ម័គ្រចិត្តទទួលយកនូវលទ្ធផលចាញ់-ឈ្នះដែលជាធាតុដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ព្រោះកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ