សព្វថ្ងៃគេពេញនិយមរៀបចំផ្កាស្រស់តាំងលម្អរោងការ មើលទៅសឹងតែដូចសួនផ្កាដ៏ធំល្វឹងល្វើយមួយអ៊ីចឹង។ មិនត្រឹមតែផ្កា រៀងការតារា ឬកូនអ្នកជំនួញធំៗខ្លះបានបន្ថែមរុក្ខជាតិ និងដើមឈើធំៗ មើលសឹងមិនដឹងថាជាកន្លែងរៀនបចំមង្គលការឡើយ តែគិតថាជាឧទ្យានទៅវិញ។
និយាយពីតម្លៃវិញម្នាក់ៗដែលឃើញរោងការសុទ្ធតែផ្កាស្រស់ និងតុបតែងលម្អដោយសម្ភារៈទំនើបៗឃើញស្អាតគ្រប់ជ្រុងនៃកម្មវិធី នឹងគិតថាតម្លៃផ្កា និងសេវារៀបចំពិតជាមិនថ្លៃខ្លាំងណាស់។ ចំពោះរឿងតម្លៃនេះដែរ បើតាមការឲ្យដឹងពីសំណាក់ម្ចាស់ Flower Lounge Wedding បានបង្ហោះលើលើ Tik Tok ថាតម្លៃរោងការធំៗដែលខាងក្រុមហ៊ុនរៀបចំតុបតែងកន្លងមក ចាប់ពីខ្ទង់ម៉ឺនដុល្លារ។
ក្នុងនោះរោងខ្លះក៏មានតម្លៃពី ១-២ពាន់ដុល្លារ ដេញទៅដល់ខ្ទង់ម៉ឺន រួមមាន ៣ ម៉ឺនដុល្លារ ហើយខ្លះទៀតក៏មាន ៥ ម៉ឺនដុល្លារ និង ៧ ម៉ឺន ៥ ពាន់ដុល្លារ
តម្លៃនីមួយៗអាស្រ័យទៅលើប្រភេទផ្កា និងមានឆាកអ្វីខ្លះ ហើយទំហំប៉ុន្មាន នៅមានកន្លែងថតរូប ក្លោងទ្វា ផ្លូវដើរ កន្លែងរាំ កន្លែងកាត់នំ ហើយរៀបមិនឲ្យមានឃើញចន្លោះឡើយ។
មិនតែប៉ុណ្ណោះតម្លៃក៏អាស្រ័យទៅលើទីតាំងផងដែរ ព្រោះមង្គលការខ្លះមិនមែនរៀបចំតែនៅផ្ទះ ឬហាងឡើយ។ ដូចកូនលំដាប់អ្នកមានស្រុកខ្មែរខ្លះមានការរៀបចំនៅផ្ទះកូនកំលោះផង ផ្ទះកូនក្រមុំផង និងនៅហាងទៀត ដូចនេះហើយការចំណាយលើការតុបតែងក៏ខ្ពស់តាមនោះដែរ។
ក្រៅពីផ្កាហើយនៅមានសម្ភារៈតុបតែងលម្អឲ្យស៊ីទៅនឹងកម្មវិធីជាច្រើនទៀត ដែលម្ចាស់សាមីខ្លួននៃកម្មវិធីមួយៗ កុម៉ង់ដាក់ ដើម្បីរៀបចំបន្ថែមក្រៅពីផ្កា និងរុក្ខជាតិផ្សេងៗ។
អត្ថបទ៖ មេរ៉ា, រូបភាព៖ flower lounge wedding