ការសន្សំប្រាក់មិនត្រឹមតែជួយខ្លួនឯងទេ ប៉ុន្ដែបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិដូចគ្នា

ការសន្សំប្រាក់មិនត្រឹមតែជួយខ្លួនឯងទេ ប៉ុន្ដែបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិដូចគ្នា

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី «ទិវា​សន្សំអាស៊ាន» ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្រោម​ប្រធានបទ «សារៈសំខាន់​នៃ​ការ​សន្សំ​ប្រាក់​តាំង​ពី​វ័យ​កុមារ» កាលពី​ថ្ងៃ ៣១ ខែតុលា ឆ្នាំ ២០២៤ នៅទីរួមខេត្តកំពង់ស្ពឺ ​លោក ឡាយ សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បាន​លើក​ទឹកចិត្ត​ដល់​សាធារណជន​ឲ្យ​ចេះ​សន្សំ​ប្រាក់។

លោកលើកឡើងថា ការ​សន្សំ​ប្រាក់​ពិត​ជា​រឿង​សំ​ខាន់​ខ្លាំង​មែន ពិសេស​ការ​សន្សំ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការ​នឹង​ជួយ​បំពេញ​តម្រូវការ ហិរញ្ញវត្ថុ​នា​ពេល​អនាគត និង​ជា​ការ​រួម​ចំណែក ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ដែល​ជា​ប្រភព​មូលធន សម្រាប់​បំពេញ​តម្រូវការ​ហិរញ្ញវត្ថុ របស់​វិនិយោគិន​ក្នុង​ប្រទេស។

តាមដានជាមួយយើង៖ Million Times

លោកបាន​ពន្យល់​ថា ការ​សន្សំ​ប្រាក់​មាន​ច្រើន​បែប​ដោយ​អាច​សន្សំ​នៅ​តាម​ផ្ទះ ក្នុង​ទូ​ដែក​សុវត្ថិភាព ឬ​ក្នុង​កូន​ជ្រូក​សន្សំ​ជាដើម។ប៉ុន្តែ​ការ​សន្សំ​ល្អ​បំផុត​នោះ គឺ​ការ​សន្សំ​ប្រាក់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការ ដែល​ហៅ​ថា ប្រាក់​បញ្ញើ​សន្សំ។ ព្រោះ ​កា​រដាក់​ប្រាក់​បញ្ញើ​សន្សំ តាម​គ្រឹះស្ថាន​ផ្លូវការ នាំឲ្យ​ម្ចាស់​ប្រាក់​បញ្ញើ​សន្សំ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា ផ្ដល់​ការ​ថែរក្សា និង​ការពារ​ប្រាក់​សន្សំ ប្រកប​ដោយ​សុវត្ថិភាព, ទទួល​បាន​ចំណូល​ការ​ប្រាក់​សន្សំ​បន្ថែម, ទទួល​បាន​កិច្ច​ការពារ​តាម​ផ្លូវច្បាប់, និង​ផ្តល់​លទ្ធភាព​ដល់​ការ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ សម្រាប់​អនាគត​ច្បាស់លាស់។

ក្នុង«ទិវា​សន្សំអាស៊ាន» ​ដ៏​មាន​សារៈសំខាន់​នោះ លោក​ក៏​បាន​បន្ត​ទៀ​ថា ការ​សន្សំប្រាក់ ​ចាំបាច់​សម្រាប់​ឆ្លើយតប​ទៅ​នឹង​បញ្ហា និង​តម្រូវការ​ហិរញ្ញ​វត្ថុ​បន្ទាន់ ដែល​ឥត​បាន​ព្រាង​ទុក​នៅ​ពេល​អនាគត ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​បុគ្គល និង​គ្រួសារ ដើម្បី​ធានា​បាន​ស្ថិរភាព​ហិរញ្ញវត្ថុ។

ពេល​សន្សំ​ជាមួយ​គ្រឹះស្ថាន​ផ្លូវការ​មាន​ន័យថា បាន​ចូលរួម​ចំណែក ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដោយសារ​ប្រាក់​បញ្ញើ​សន្សំ​ទាំង​នោះ គឺជា​ប្រភព​មូលធន​​សំខាន់​មួយ សម្រាប់​បំពេញ​តម្រូវការ​ហិរញ្ញវត្ថុ របស់​វិនិយោគិន​ក្នុង​ប្រទេស។ មើល​ឃើញ​អំពី​សារៈសំខាន់ និង​ភាព​ចាំបាច់​ក្នុង​ការ​ជំរុញ​វប្បធម៌​សន្សំ តាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​បរិយាបន្នកម្ម​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៩-២០២៥ ដែល​មាន​ទិសដៅ​បង្កើន​លទ្ធភាព ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ មាន​គុណភាព កាត់​បន្ថយ​អត្រា​ស្រី្ត ដែល​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​ពង្រីក​ការ​ប្រើប្រាស់ សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សុខុមាលភាព​គ្រួសារ និង​គាំទ្រ​កំណើន​សេដ្ឋកិច្ច​៕

អត្ថបទ៖ រ៉ាវី រូបភាព៖ បណ្តាញសង្គម