ក្រុមហ៊ុន Patek Philippe អ្នកជំនាញលើការផលិតនាឡិកាដៃប្រណីតបំផុតមួយលើលោក បានប្រកាសបញ្ចេញនូវនាឡិកាម៉ូដែលថ្មីដំបូងរបស់ខ្លួន បន្ទាប់ពីខកខានផលិតម៉ូដថ្មីរយៈពេល ២៥ឆ្នាំ ពោលម៉ូដែលចុងក្រោយបំផុតដែលក្រុមហ៊ុននេះបានបង្ហាញផ្លូវការ គឺមានតាំងពីឆ្នាំ១៩៩៩។
តាមការចុះផ្សាយពីគេហទំព័រ CNBC បានឲ្យដឹងថា នាឡិកថ្មីរបស់ក្រុមហ៊ុន Patek Philippe គឺមានឈ្មោះថា Cubitus ដែលផលិតឡើងសារនេះ មាន ៣ជម្រើសសម្រាប់អតិថិជនជ្រើសរើស។
នាឡិកាម៉ូដែលចុងក្រោយរបស់ Patek Philippe គឺចេញមកចំពេលទីផ្សារនាឡិកាប្រណីត កំពុងពេញនិយម ជាពិសេសគឺរចនាមកដើម្បីទាក់ចិត្តយុវវ័យសម័យថ្មីតែម្ដង ដោយមុខនាឡិការាងបែបជ្រុងៗ សក្ដិសមឥតខ្ចោះសម្រាប់អ្នកជំនួញវ័យក្មេង។
ក្រុមហ៊ុននាឡិកដៃស្វីសអះអាងថា បានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ នៅក្នុងនាឡិកាមួយប្រភេទនេះ រាប់ចាប់តាំងពីរ៉ូទ័រខ្នាតតូច មានកម្លាំងខ្លាំង និងធានាបាននូវការកំណត់ល្វែងម៉ោងបានច្បាស់ល្អ ខណៈបច្ចេកវិទ្យានេះ ក្រុមហ៊ុនត្រូវដាក់ពាក្យសុំប៉ាតង់ចំនួន ៦លើក ទើបអាចយកមកបំពាក់លើនាឡិកាបាន។
នាឡិកាដៃម៉ូដែលថ្មីស្រឡាង របស់ក្រុមហ៊ុន Patek Philippe គឺមានតម្លៃចាប់ពី ៤១ ២៤០ដុល្លារក្នុងមួយគ្រឿង ហើយអាចប្រែប្រួលទៅតាមការផ្លាស់ប្ដូរខ្សែ និងតួនាឡិកា។ នេះបើតាមការបង្ហាញពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Patek Philippe៕
អត្ថបទ៖ Luffy រូបភាព៖ Patek Philippe