កាលពីថ្ងៃទី១១ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានយល់ព្រមលើសេចក្ដីសម្រេចថ្មី ក្នុងការកាត់បន្ថយថ្លៃចំណាយលើការខ្ចីប្រាក់ (Borrowing Costs) របស់សមាជិករហូតដល់ ១,២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។
ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា នេះគឺជាការកែប្រែច្បាប់ ទាក់ទងនឹងថ្លៃចំណាយលើការខ្ចីប្រាក់ ជាលើកដំបូងរបស់ IMF ចាប់តាំងពីឆ្នាំ២០១៦ ដោយសារតែអត្រាការប្រាក់ពិភពលោកមានការកើនឡើងខ្លាំង និងធ្វើឲ្យថ្លៃចំណាយលើការខ្ចីប្រាក់កាន់តែកើនឡើងដូចគ្នា ជាហេតុឲ្យសមាជិក IMF ជួបប្រទះផលលំបាកក្នុងការខ្ចីលុយ យកទៅអភិវឌ្ឍប្រទេសរៀងៗខ្លួន។
IMF បានអះអាងបន្ថែមថា ក្រៅពីកាត់បន្ថយថ្លៃចំណាយលើការខ្ចីប្រាក់ ១,២ពាន់លានដុល្លារប្រចាំឆ្នាំ អត្រាការប្រាក់របស់មូលនិធិ ក៏នឹងមានការកាត់បន្ថយដូចគ្នា ខណៈទំហំទឹកប្រាក់ និងរយៈពេលដែលត្រូវសងបំណុល នឹងមានច្រើនជាងមុនផងដែរ។
សូមជម្រាបដែរថា ការផ្លាស់ប្ដូរថ្មីរបស់ IMF នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០១ ខែវិច្ឆិកាតទៅ ហើយសមាជិកដែលទទួលបានផលចំណេញបំផុតនោះ គឺប្រទេសអាហ្សង់ទីន ដែលជាកូនបំណុលធំបំផុតរបស់ IMF ពោលពួកគេអាចសល់លុយប្រហែល ៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ក្រោយកំណែទម្រង់ច្បាប់ថ្មីរបស់ IMF៕