វិនិយោគិនចិន រំពឹងរដ្ឋាភិបាលចំណាយជាង ២៨០ពាន់លានដុល្លារ ស្ដារសេដ្ឋកិច្ចឡើងវិញ

វិនិយោគិនចិន រំពឹងរដ្ឋាភិបាលចំណាយជាង ២៨០ពាន់លានដុល្លារ ស្ដារសេដ្ឋកិច្ចឡើងវិញ

នាថ្ងៃទី១១ ខែតុលា ក្រុមវិនិយោគិនចិន និងអ្នកវិភាគសេដ្ឋកិច្ចជាច្រើន បានដាក់ក្ដីរំពឹងទុកខ្ពស់ថា រដ្ឋាភិបាលចិន នឹងចាយលុយរហូតដល់ ២ទ្រីលានយ៉ន់ ឬប្រហែល ២៨៣ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើព័ន្ធថ្មី ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងផ្ដល់ទំនុកចិត្តកាន់តែខ្ពស់ ដល់ក្រុមវិនិយោគិន។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Bloomberg បានអះអាងថា សេចក្ដីប្រកាសពីផែនការមួយនេះ ទំនងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១២ ខែតុលាខាងមុខ ខណៈក្រុមវិនិយោគិនភាគច្រើនសង្ឃឹមថា មូលនិធិទាំងនោះ នឹងបញ្ចេញក្នុងទម្រង់ជាមូលបត្របំណុលរដ្ឋាភិបាល។

កញ្ចប់ចំណាយសម្រាប់ឆ្នាំសារពើព័ន្ធលើកនេះ មានទំហំច្រើនជាងរាល់ឆ្នាំ ហើយគោលបំណងសារនេះ គឺផ្ដោតសំខាន់លើការពង្រឹង និងគ្រប់គ្រងកំណើនសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីបានផុងខ្លួនក្នុងបំណុលរាប់ឆ្នាំ តាមរយៈការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនានា។

សន្និសីទសារព័ត៌មាន ដែលគ្រោងធ្វើនាចុងសប្ដាហ៍នេះ នឹងបង្ហាញពីឆន្ទៈ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ស្របពេលក្រុមវិនិយោគិនក៏កំពុងរង់ចាំមើលដូចគ្នា អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសវិធានការតម្លើងតម្លៃហ៊ុន លើផ្សារហ៊ុនពិភពលោក។

សូមជម្រាបដែរថា ក្រុមវិនិយោគិន និងអ្នកវិភាគសេដ្ឋកិច្ចជាច្រើន មិនមានទំនុកចិត្ត ១០០%ឡើយ ដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lan Fo’an នឹងប្រកាសពីកញ្ចប់ចំណាយឆ្នាំសារពើព័ន្ធនាថ្ងៃទី១២ ខែតុលា ហើយវាអាចនឹងពន្យារពេលដល់ទៅ ៦ខែឯណោះ ដើម្បីប្រកាសពីកញ្ចប់ចំណាយឆ្នាំសារពើព័ន្ធថ្មី។

ក្នុងករណីនេះ ពួកគេព្យាករថា រដ្ឋាភិបាល នឹងបញ្ចេញមូលបត្របំណុលលក់ រហូតដល់ចុងឆ្នាំក្រោយ ដើម្បីគៀងគរប្រាក់ សម្រាប់ការចំណាយជាសាធារណៈ ស្របពេលឆ្នាំនេះ រដ្ឋាភិបាលមានគម្រោងលក់មូលបត្របំណុល ៩ទ្រីលានយ៉ន់រួចហើយ ដើម្បីសម្រួលដល់ការចំណាយផ្សេងៗ ហើយចំពោះកូតាដែលលើសពីនេះ នឹងត្រូវដាក់សំណើ សុំការអនុញ្ញាតពីសភាប្រជាជនជាតិបន្ថែមទៀត៕