ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្ស Nvidia បានសំងំកើបលុយខ្ទង់ ៤០០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនកើនឡើង ៥ថ្ងៃជាប់ៗគ្នា ប្រមាណ ១៤%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។
កំណើនតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia គឺមានការកើនឡើងជាបន្តបន្ទាប់ ពោលគិតត្រឹមរយៈពេល ១០ខែដំបូង នៃឆ្នាំ២០២៤ វាមានកំណើន ១៧០% ហើយបើគិតតាំងពីដើមឆ្នាំ២០២៣ គឺមានរហូតដល់ ៨០០% ឯណោះ។
ការកើនឡើងនៃតម្លៃភាគហ៊ុនដ៏សម្បើម របស់ក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ គឺបណ្ដាលមកពីវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដែលកំពុងរីកសុះសាយពាសពេញពិភពលោក ក៏ដូចជាផលិតផលបន្ទះឈីប ដែលកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាទូទាំងសកលលោក។
កំណើនភាគហ៊ុនដ៏ច្រើនរបស់ Nvidia បានធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សនេះ រំកិលខ្លួនក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទី២ ជាមួយមូលធនទីផ្សារ ៣,២៦ទ្រីលានដុល្លារ។
ទន្ទឹមនឹងនោះ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មហាសេដ្ឋី Jensen Huang ក៏កើបលុយបានក្រាស់ក្រែលផងដែរ ដោយរយៈពេលត្រឹម ២ឆ្នាំប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់លោកកើនពី ១៤ ទៅ ១០៦ពាន់លានដុល្លារ ក្លាយជាកំពូលអ្នកមានបំផុតលើលោកទី១១ ថែមទៀត៕