ឡាវ ប្រទេសមានសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាន ពឹងផ្អែកខ្លាំងលើវិស័យមួយប៉ុណ្ណោះ

ឡាវ ប្រទេសមានសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាន ពឹងផ្អែកខ្លាំងលើវិស័យមួយប៉ុណ្ណោះ

ឡាវ គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានទំហំសេដ្ឋកិច្ចទាបជាងគេបំផុត និងមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី០៨ ក្នុងចំណោមសមាជិកចំនួន ១០ប្រទេស។

តាមដានជាមួយយើង៖ Million Times

ប្រទេសដែលមាន GDP សរុបជាង ១៤ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២៣ នេះ គឺពឹងផ្អែកខ្លាំងនៅលើវិស័យកសិកម្ម ដោយប្រជាជនប្រហែល ៨៥% មានមុខរបរជាកសិករ ខណៈដំណាំចំបងគឺ ស្រូវ។

សឹងតែ ៥០% នៃទំហំសេដ្ឋកិច្ចរបស់ប្រទេសឡាវ ទទួលបានមកពីវិស័យកសិកម្ម ហើយ ៤០% ទទួលបានពីវិស័យឧស្សាហកម្ម និងមានតែ ១០% ប៉ុណ្ណោះ ដែលទទួលបានពីវិស័យផ្សេងៗទៀត។

ដោយសារតែប្រទេសមានចំណូលទាប និងមធ្យមមួយនេះ ពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ដូច្នេះហើយទើបផលិតផលនាំចូលពីក្រៅប្រទេស ភាគច្រើនគឺផ្ដោតលើគ្រឿងចក្រធ្វើស្រែចម្ការ គ្រឿងអេឡិចត្រូនិក ហើយការនាំចេញទៅវិញជាផលិតផលកសិកម្ម និងធនធានរ៉ែ។

ប្រទេសមានទំហំសេដ្ឋកិច្ចទាបបំផុតនៅអាស៊ាននេះ ក៏ជាប់ឈ្មោះជាប្រទេសមានបំណុលខ្ពស់បំផុតមួយក្នុងតំបន់ផងដែរ ដោយគិតត្រឹមឆមាសទីមួយ នៃឆ្នាំ២០២៤ ឡាវមានបំណុល ១៣,៨ពាន់លានដុល្លារ សឹងតែស្មោះជាមួយ GDP សរុបរបស់ខ្លួនបាត់ទៅហើយ។

សូមជម្រាបដែរថា ធនាគារពិភពលោកធ្លាប់បានព្យាករកាលពីដើមឆ្នាំថា ស្ថានភាពសេដ្ឋកិច្ចឡាវ នឹងមិនមានភាពល្អប្រសើរឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ពោលតាំងពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន ឡាវតែងតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក ហើយវានឹងបន្តបែបនេះថែមទៀត បើសិនជារដ្ឋាភិបាលមិនអាចស្វែងរកដំណោះស្រាយដែលល្អប្រសើរជាងមុន៕