មន្ត្រីថាមពលថៃ បាននិយាយថា អាជ្ញាធរកំពុងពិចារណាទិញថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀតពីគ្រួសារមានបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ថាមពលស្អាត និងបង្កើនការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
គណៈកម្មាធិការគ្រប់គ្រងគោលនយោបាយជាតិថាមពល បានអនុម័តផែនការទិញថាមពលពន្លឺព្រះអាទិត្យសរុបចំនួន ៩០មេហ្គាវ៉ាត់ពីម្ចាស់ផ្ទះ ក្រោមគម្រោងទិញរយៈពេលវែងដែលដំណើរការពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។
ការអំពាវនាវនាពេលថ្មីៗនេះ ដើម្បីលើកទឹកចិត្តកាន់តែច្រើនឱ្យប្រជាជនប្រើថាមពលពន្លឺព្រះអាទិត្យ។
មន្រ្តីបាននិយាយថា មធ្យោបាយមួយដើម្បីលើកទឹកចិត្តប្រជាជនឱ្យដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូលគឺអនុញ្ញាតឱ្យពួកគេលក់អគ្គិសនីទៅបណ្តាញរបស់រដ្ឋ ប្រសិនបើពួកគេបង្កើតថាមពលលើសពីតម្រូវការ។
មន្ត្រីនិយាយបន្តថា “យើងរំពឹងថាអាជ្ញាធរនឹងបង្កើនបរិមាណថាមពលពន្លឺព្រះអាទិត្យដែលបានទិញពីគ្រួសារដល់ជាង ៩០មេហ្គាវ៉ាត់ ស្របតាមគោលនយោបាយ”។
មន្រ្តីដដែលបាននិយាយបន្ថែមថា ការផ្លាស់ប្តូរដើម្បីបង្កើនបរិមាណទិញក៏ត្រូវបានគាំទ្រដោយផែនការអភិវឌ្ឍន៍ថាមពលថ្មី (PDP) ដែលលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែច្រើន។ នៅក្រោម PDP ដែលគ្រោងនឹងអនុវត្តពីឆ្នាំនេះដល់ឆ្នាំ២០៣៧ ថាមពលកកើតឡើងវិញគួរតែមាន ៥១% នៃការប្រើប្រាស់ប្រេងឥន្ធនៈសរុបនៅឆ្នាំ២០៣៧ កើនឡើងពី ២០% នៅចុងឆ្នាំមុន ខណៈដែលធ្យូងថ្ម និងឧស្ម័នថយចុះមក ៤៨% ធ្លាក់ចុះពីជិត ៨០% នៅដើមឆ្នាំនេះ។ ១% ផ្សេងទៀតបានមកពីថាមពលនុយក្លេអ៊ែរ និងដំណោះស្រាយថាមពលថ្មី ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការសន្សំសំចៃអគ្គិសនី។
ថាមពលពន្លឺព្រះអាទិត្យ ដែលជាប្រភពថាមពលកកើតឡើងវិញដ៏សំខាន់នៅក្នុងផែនការនេះ កើនឡើងដល់ 24,412MW នៅឆ្នាំ២០៣៧ ពោលគឺកើនឡើងពី 2,863MW កាលពីដើមឆ្នាំនេះ។ យោងតាមក្រសួងថាមពល បានកំណត់តម្លៃថាមពលសម្រាប់ថាមពលពន្លឺព្រះអាទិត្យដែលបានទិញពីគ្រួសារក្នុងតម្លៃជាមធ្យម ២,២ បាតក្នុងមួយគីឡូវ៉ាត់ម៉ោង។
នាយកដ្ឋានអភិវឌ្ឍន៍ និងប្រសិទ្ធភាពថាមពលជំនួស កំពុងជំរុញគម្រោងកាត់បន្ថយពន្ធថ្មីសម្រាប់អ្នកដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យលើដំបូល ក្នុងគោលបំណងជំរុញការប្រើប្រាស់ថាមពលស្អាត។ គម្រោងនេះគ្រោងនឹងផ្តល់សិទ្ធិពន្ធដល់ ៩០,០០០គ្រួសារនៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧។
ពាក់ព័ន្ធនឹងរឿងនេះ ក្រុមហ៊ុន New Energy Plus Solutions Co ដែលជាអ្នកចែកចាយបន្ទះសូឡាក្នុងស្រុកបាននិយាយថា ខ្លួនយល់ស្របជាមួយនឹងគម្រោងកាត់បន្ថយពន្ធជាឧបករណ៍មួយដើម្បីជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។
អត្ថបទ៖ សារ៉ាយ រូបភាព៖ New Energy Plus Solutions