ស្តេចនៃប្រទេសម៉ាឡេស៊ី ព្រះចៅស៊ុលតង់ Ibrahim Iskandar ស្វែងរកមូលនិធិពីអ្នកវិនិយោគចិន សម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន រវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលមានតម្លៃរាប់ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតម៉ាឡេស៊ី The Staritstimes។
ក្នុងអំឡុងបំពេញព្រះរាជទស្សនកិច្ចនៅទីក្រុងប៉េកាំង ព្រះចៅស៊ុលតង់ Ibrahim Iskandar ទ្រង់មានសវនាជាមួយប្រធានាធិបតីចិន Xi Jinping ដែលជាអ្នកផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ កាលពីសប្តាហ៍មុនដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។
កាសែត The Staritstimes បានដកស្រង់សម្តីប្រភពដែលទុកចិត្តបាន លើកឡើងថា គណៈប្រតិភូរបស់ ស្តេច Sultan Ibrahim រួមមានតំណាងរបស់ក្រុមហ៊ុន YTL បានជួបពិភាក្សាជាមួយវិនិយោគិនចិន ស្វែងរកមូលនិធិកសាងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅកាន់ប្រទេសសិង្ហបុរី។ The Edge Malaysia បានរាយការណ៍កាលពីខែមីនាថា ក្រុមហ៊ុនម៉ាឡេស៊ីគឺជាក្រុមមួយក្នុងចំណោមក្រុមទាំងបីដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។
ក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែកញ្ញាថា ដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញនូវចំណងមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
ខ្សែរថភ្លើងដែលមានបំណងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងគូឡាឡាំពួ និងសិង្ហបុរីមកត្រឹម ៩០នាទី ខណៈដែលការជិះតាមរថយន្តលើសពី ៤ម៉ោង ត្រូវបានព្យាករណ៍ថានឹងចំណាយប្រាក់រហូតដល់ ៣១ ពាន់លានដុល្លារសិង្ហបុរី ជាគម្រោងដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad បានពន្យារពេលគម្រោងនេះក្នុងឆ្នាំ២០១៨ ក្រោមហេតុផលចំណាយខ្ពស់។ ហើយគម្រោងនេះត្រូវបានលុបចោលជាផ្លូវការនៅឆ្នាំ២០២១ ប៉ុន្តែរដ្ឋបាល Anwar បានធ្វើឱ្យវារស់ឡើងវិញនៅឆ្នាំ២០២៣ ក្នុងលក្ខខណ្ឌថាវានឹងមិនត្រូវបានផ្តល់មូលនិធិដោយអ្នកបង់ពន្ធឡើយ។
ដើម្បីឱ្យគម្រោងនេះដំណើរការទៅមុខ ប្រទេសសិង្ហបុរីក៏ត្រូវយល់ព្រមដែរ ។ នាយករដ្ឋមន្ត្រី Lawrence Wong បាននិយាយកាលពីខែមិថុនាថា លោកទទួលសំណើថ្មីៗស្តីពីការតភ្ជាប់ផ្លូវដែក។
ប្រទេសចិនបានបើកចំហចំពោះការជំរុញរបស់ម៉ាឡេស៊ីក្នុងការអភិវឌ្ឍន៍ការតភ្ជាប់ផ្លូវដែក។ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមិថុនា នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយថា ប្រទេសចិនមានឆន្ទៈគាំទ្រប្រទេសនេះលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ នេះបើតាម BLOOMBERG ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AFP