FBI កាលពីថ្ងៃអាទិត្យបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតករណីប៉ុនប៉ងធ្វើឃាតលោក Donald Trump។ អតីតប្រធានាធិបតីមានសុវត្តិភាពបន្ទាប់ពីមានការបាញ់ប្រហារនៅក្លឹបវាយកូនហ្គោលអន្តរជាតិ Trump ហើយបុរសម្នាក់ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាតនេះ។
បុរសម្នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថា Ryan Wesley Routh នេះបើយោងតាមប្រភពពីមន្រ្តីអនុវត្តច្បាប់។ Routh គឺជាអ្នកសាងសង់លំនៅឋានតម្លៃសមរម្យនៅរដ្ឋ Hawaii ដែលតែងបានធ្វើការផ្សព្វផ្សាយអំពីនយោបាយ និងព្រឹត្តិការណ៍បច្ចុប្បន្ន ខណៈពេលខ្លះរិះគន់អតីតប្រធានាធិបតី Trump។
ភ្នាក់ងារសេវាសម្ងាត់ម្នាក់បានប្រទះឃើញធុងកាំភ្លើងវែងចេញពីរបង ប៉ូលីសស្រុក Palm Beach លោក Ric Bradshaw បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃអាទិត្យថា ជនសង្ស័យបានរត់គេចខ្លួនតាមផ្លូវជាតិ ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់មន្ទីរឃុំឃាំង។
មន្ត្រីសេវាសម្ងាត់ម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងមានចម្ងាយពី ៣០០ ទៅ ៥០០ យ៉ាតពីលោក Trump។ លោក Bradshaw បាននិយាយថា ប៉ូលីសបានរកឃើញកាំភ្លើង AK-47 មួយដើម GoPro និងកាបូបស្ពាយរបស់ជនសង្ស័យ។
យោងតាមសេតវិមានបានឱ្យដឹងថា ប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris ទាំងពីរនាក់ “មានអារម្មណ៍ធូរស្រាលនៅពេលដឹង” ថា Trump មានសុវត្ថិភាព។ បើយោងតាមការចុះផ្សាយដោយ CNN៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ CNN