របាយការណ៍របស់ក្រុមហ៊ុន Shinhan Securities Vietnam បាននិយាយថា ទីផ្សារអចលនទ្រព្យវៀតណាមអាចចាប់ផ្តើមងើបឡើងវិញ នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ហើយបន្តមានស្ថានភាពល្អឡើងវិញរហូតដល់ឆ្នាំ២០២៦ ដែលជំរុញដោយច្បាប់អចលនទ្រព្យថ្មី និងអត្រាការប្រាក់ទាប។
សារព័ត៌មានក្នុងស្រុកវៀតណាម បានចុះផ្សាយថា ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ បើធៀបនឹងត្រីមាសទី១។ នៅទីក្រុងហូជីមិញ អាផាតមិនថ្មី ១,២០០ ត្រូវបានដាក់លក់ក្នុងត្រីមាសទី២ ដែលបានពីគម្រោង Aurora និង Eaton Park ។ នៅទីក្រុងហាណូយ មានចំនួន ៨,៥០០ យូនីត ស្មើនឹង ៣.៦ ដងនៃត្រីមាសទី១ ដែលជាចម្បងគាំទ្រពីគម្រោង Vinhomes Ocean Park និង Vinhomes Smart City ។ គួរកត់សម្គាល់ថា ចំនួនអាផាតមិនដែលបានលក់ក្នុងត្រីមាសទី២ គឺជិតស្មើនឹងការលក់សរុបក្នុងឆ្នាំ២០២៣ទាំងមូល។
ទីភ្នាក់ងារស្រាវជ្រាវទីផ្សារ DXS-FERI និយាយថា អត្រាផ្គត់ផ្គង់ទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ មានភាពប្រសើរឡើងយ៉ាងខ្លាំង។ វិស័យអចលនទ្រព្យនៅតែរួមចំណែកយ៉ាងសំខាន់ក្នុងការទទួលការវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេទីពីរក្នុងចំណោមឧស្សាហកម្មសក្តានុពលរបស់វៀតណាមក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ដោយទាក់ទាញបាន ២.៨៧ ពាន់លានដុល្លារ ឬ ១៦% នៃ FDI តាមពីក្រោយដោយវិស័យផលិតកម្ម-កែច្នៃ ១២.៦ ពាន់លានដុល្លារ។
របាយការណ៍នេះបាននិយាយថា ឥណទានអចលនទ្រព្យមិនបានរក្សានូវនិន្នាការកើនឡើងនៅក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់សេដ្ឋកិច្ចទេ បើទោះបីជាអត្រាកម្ចីទិញផ្ទះទាបក៏ដោយ។ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឥណទានសរុបសម្រាប់សេដ្ឋកិច្ចឈានដល់ ៥៧០ពាន់លានដុល្លារ កើនឡើង ២.៤១% ។ ក្នុងចំណោម ៧៣.៥៣ពាន់លានដុល្លារ គឺជាឥណទានអ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មអចលនទ្រព្យ កើនឡើង ១.១៥% ។
ក្រុមហ៊ុន Shinhan Securities បានចាត់ទុកកំណើនតិចតួចនៃឥណទានអ្នកប្រើប្រាស់អចលនទ្រព្យទៅនឹងតម្រូវការទន់ខ្សោយ ចំពេលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភាពមិនស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមូលបត្រ ក៏បានព្យាករណ៍ពីការងើបឡើងវិញនៃប្រាក់ចំណូលសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យផងដែរ រួមមាន Vinhomes, Khang Dien House Trading and Investment JSC, Nam Long និង Novaland ។
អត្ថបទ៖ ជីវ័ន រូបភាព៖