អ្នកនយោបាយជើងចាស់ លោក មីឆែល បានៀរ (Michel Barnier) បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង បន្ទាប់ពីការបោះឆ្នោតមុនកាលកំណត់ហើយស្ថិតក្នុងស្ថានភាពចលាចលផ្នែកនយោបាយដែលអូសបន្លាយពេលអស់ជិត ២ខែ។ សារព័ត៌មាន BBC ចុះផ្សាយថា មានអាយុ ៧៣ឆ្នាំលោក បានៀរ គឺជានាយករដ្ឋមន្ត្រីដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្រនយោបាយទំនើបរបស់បារាំង។
ថ្លែងសុន្ទរកថាលើកដំបូងនៅខាងមុខការិយាល័យនាយករដ្ឋមន្រ្តី Matignon លោក បានៀរ បានសន្យាថា លោកនឹងខិតខំធ្វើការដើម្បីឆ្ពោះទៅរកការគោរពគ្នាទៅវិញទៅមក និងការបង្រួបបង្រួមជាតិបន្ថែមទៀត នៅក្នុងប្រទេសមួយដែលកំពុងតែបែកបាក់គ្នាលើផ្នែកនយោបាយ បន្ទាប់ពីឆ្លងកាត់ចលាចលនយោបាយអស់រយៈពេលជាច្រើនខែកន្លងមក។
លោកថ្លែងគូសបញ្ជាក់ថា៖ «បារាំង…. ថ្ងៃនេះត្រូវការ និងគួរបង្ហាញពីតម្រូវការរបស់ខ្លួន សម្រាប់ការគោរព ការរួបរួម និងដោះស្រាយគ្នា»។
ប្រធានាធិបតីបារាំង អ៊ែមម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានតែងតាំងលោក បានៀរ ដែលជាអតីតអ្នកចរចាលើការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ទំនងជាប្រគល់ភារកិច្ចឱ្យលោក បានៀរ ដើម្បីចូលរួមដោះស្រាយជុំវិញការបង្រួបបង្រួមប្រទេសជាតិ និងបញ្ចប់ភាពចលាចលផ្នែកនយោបាយ បន្ទាប់ពីភាពរកាំរកូសក្រោយការបោះឆ្នោតនាពេលថ្មីៗ។
ការចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ បានៀរ ដើម្បីជំនួសលោក Gabriel Attal ដែលលាលែងពីតំណែងបន្ទាប់ពីការបរាជ័យនៃក្រុមចម្រុះរបស់លោក ម៉ាក្រុង នៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ។
គួររំលឹកបន្តិចថា លោក ម៉ាក្រុង កាលពីខែមករាកន្លងទៅ បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជាប្រធានាធិបតីរបស់លោក។ ការតែងតាំងលោក Attal ជានាយករដ្ឋមន្ត្រីថ្មី ធ្វើឡើងបន្ទាប់ពីលោកស្រី Elisabeth Borne លាលែងពីតំណែងរក្រោយលោកស្រីបានកាន់តំណែងនេះអស់រយៈពេលជាង២ឆ្នាំ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Henri Szwarc