ប្រធានាធិបតីចិន Xi Jinping បានសន្យាផ្តល់មូលនិធិជាង ៥០ពាន់លានដុល្លារ និងការងារយ៉ាងហោចណាស់ ១លានកន្លែងសម្រាប់ទ្វីបអាហ្រ្វិក នៅឯកិច្ចប្រជុំកំពូលនាទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលសហរដ្ឋអាមេរិក និងចិនកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅក្នុងទ្វីបដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។
មេដឹកនាំប្រទេសអាហ្វ្រិកជាង ៥០ ស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសចិនក្នុងសប្តាហ៍នេះសម្រាប់វេទិកាស្តីពី «កិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក» ដែលជាកិច្ចប្រជុំកំពូលធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង ជារួមគឺមានការឆ្លាស់គ្នារវាងចិន និងអាហ្វ្រិក។
ប្រទេសចិនបានដាក់ទង់ជាតិនៃប្រទេសអាហ្រ្វិកហោះហើរជុំវិញទីលានធានអានមេន និងឆ្មាំកិត្តិយសជាច្រើន ពិធីកម្រាលព្រំក្រហម និងការសម្តែងត្រូវបានធ្វើឡើងនាទីក្រុងប៉េកាំងដែលចិនបានហៅថា ជាព្រឹត្តិការណ៍ការទូតដ៏សំខាន់បំផុតរបស់ខ្លួន។ បដា និងផ្ទាំងប៉ាណូជុំវិញទីក្រុងមានពាក្យស្លោកអបអរសាទរ “អនាគតរួមគ្នាសម្រាប់ប្រទេសចិន និងអាហ្វ្រិក”។
លោក Xi បានសន្យាជិត ៥១ពាន់លានដុល្លារក្នុងរយៈពេល ៣ឆ្នាំខាងមុខ រួមទាំង ៣០ពាន់លានដុល្លារក្នុងខ្សែឥណទាន ការវិនិយោគ ១០ពាន់លានដុល្លារដោយក្រុមហ៊ុនចិន និងចំនួនទឹកប្រាក់ផ្សេងទៀតរួមទាំងជំនួយយោធា ខណៈដែលលោកបានប្តេជ្ញាពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយទ្វីបអាហ្រ្វិកដើម្បីសម្រេចបាន “ទំនើបកម្ម”។ លោកបាននិយាយនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ទំនើបកម្មគឺជាសិទ្ធិដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសទាំងអស់ ប៉ុន្តែវិធីសាស្ត្រលោកខាងលិចបានបង្កការរំខានយ៉ាងខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍ»។
លោក Xi ក៏បានស្នើឱ្យទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិនត្រូវធ្វើឱ្យប្រសើរឡើងដល់កម្រិត “យុទ្ធសាស្ត្រ” ដោយនិយាយថា “ទំនាក់ទំនងចិន-អាហ្វ្រិកឥឡូវនេះគឺល្អបំផុតក្នុងប្រវត្តិសាស្ត្រ” ។
បើតាមសារព័ត៌មាន NBC ដែលបានដកស្រង់សម្តីអ្នកជំនាញ វេទិកាដែលបានចាប់ផ្តើមនៅឆ្នាំ២០០០ គឺជាឱកាសមួយសម្រាប់ប្រទេសចិនក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងទ្វីបអាហ្រ្វិក ខណៈដែលខ្លួនប្រឈមមុខនឹងសណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក ។ វារួមបញ្ចូលទាំងរដ្ឋអាហ្វ្រិកទាំងអស់ លើកលែងតែ Eswatini ដែលជារដ្ឋាភិបាលមួយក្នុងចំណោមរដ្ឋាភិបាលដែលនៅសល់ទាំង ១២ នៅលើពិភពលោក ដែលរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួន៕
អត្ថបទ៖ ជីវ័ន រូបភាព៖ Xinhua