ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃអង្គារ ទី៣ ខែកញ្ញានេះ ដែលទទួលស្វាគមន៍យ៉ាងអធិកអធមពីប្រធានាធិបតី Ukhnaa Khurelsukh ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋរុស្សុីរូបនេះ ធ្វើឡើងនៅចំពោះមុខដីកាអន្តរជាតិសម្រាប់ការចាប់ខ្លួនលោកពីបទចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជិត ១៨ ខែមុន។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសសមាជិកនៃតុលាការមួយនេះ។
សមាជិកនៃតុលាការអន្តរជាតិ ICC មានកាតព្វកិច្ចឃុំខ្លួនជនសង្ស័យ ប្រសិនបើដីកាចាប់ខ្លួនត្រូវបានចេញ ប៉ុន្តែតុលាការមិនមានយន្តការអនុវត្តណាមួយឡើយ។ នៅមុនដំណើរទស្សនកិច្ចរបស់លោក អ៊ុយក្រែនបានអំពាវនាវឲ្យម៉ុងហ្គោលីប្រគល់លោក ពូទីន ទៅតុលាការក្នុងទីក្រុងឡាអេ ហើយសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភថា ម៉ុងហ្គោលីអាចនឹងមិនអនុវត្តដីកានោះ។ អ្នកនាំពាក្យរបស់ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា វិមានក្រឹមឡាំងមិនមានការព្រួយបារម្ភទេ។
មេដឹកនាំរុស្ស៊ីត្រូវបានស្វាគមន៍នៅក្នុងពិធីមួយក្នុងរដ្ឋធានី Ulaan Bator របស់ម៉ុងហ្គោលី ដោយឆ្មាំកិត្តិយសស្លៀកពាក់ឯកសណ្ឋានពណ៌ក្រហម និងខៀវយ៉ាងរស់រវើក រចនាម៉ូដជាឆ្មាំផ្ទាល់ខ្លួនរបស់មេដឹកនាំសតវត្សទី១៣ លោក Genghis Khan ដែលជាស្ថាបនិកនៃចក្រភពម៉ុងហ្គោល។
ប្រធានាធិបតីរុស្សុី ពូទីន និងប្រធានាធិបតីម៉ុងហ្គោលី Ukhnaa Khurelsukh បានដើរលើកម្រាលព្រំក្រហមនៃវិមានរដ្ឋាភិបាល ហើយអោនមុខរូបសំណាក Genghis Khan មុនពេលចូលទៅក្នុងអគាររដ្ឋាភិបាលសម្រាប់ជំនួបរបស់ពួកគេ។
សូមជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ចនាពេលនេះ លោក ពូទីន នឹងចូលរួមពិធីរំលឹកខួបលើកទី៨៥ នៃជ័យជំនះសមរភូមិសូវៀត និងម៉ុងហ្គោលីលើកងទ័ពជប៉ុនដែលបានកាន់កាប់តំបន់ ម៉ាន់ជូរី នៅភាគឦសានប្រទេសចិន៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ RT