អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ត្រូវបានចាប់ខ្លួននៅថ្ងៃសៅរ៍ ទី៣១ ខែសីហាកន្លងទៅ ជាផ្នែកមួយនៃការស៉ើបអង្កេតអំពើពុករលួយ ជុំវិញការអភិវឌ្ឍសំណង់អចលនទ្រព្យដ៏ធំមួយនៅក្នុងទីក្រុងតៃប៉ិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Ko Wen-je កាន់តួនាទីជាអភិបាលក្រុងតៃប៉ិ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២ បច្ចុប្បន្នជាមេដឹកនាំគណបក្សប្រឆាំងតូចមួយនៅតៃវ៉ាន់។ គណបក្ស TPP របស់លោក លោក Ko បានឲ្យដឹងថា លោកត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមស៉ើបអង្កេតឆ្មក់ចូលផ្ទះរបស់លោកកាលពីថ្ងៃសុក្រ ហើយធ្វើការសាកសួរអស់រយៈពេលជាច្រើនម៉ោង។ លោក Ko បានបដិសេធ្វើខុសក្នុងសំណុំរឿងដែលពាក់ព័ន្ធ នឹងការអនុម័តគម្រោងអចលនទ្រព្យមួយ នៅពេលលោកធ្វើជាអភិបាលក្រុង។
នៅក្នុងសេចក្តីថ្លែងការណ៍គណបក្ស TPP បានអំពាវនាវដល់តុលាការឱ្យពិនិត្យមើលដោយប្រុងប្រយ័ត្ននូវភាពស្របច្បាប់នៃនីតិវិធីចាប់ខ្លួន លោក Ko សម្រាប់អំឡុងពេលដំណើរការសវនាការកាត់ក្តី ហើយផ្តល់យុត្តិធម៌ដល់លោក Ko Wen-je ។
តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ គេរំពឹងថា លោក Ko នឹងស្វែងរកការប្រកួតប្រជែងតំណែងមេដឹកនាំតៃវ៉ាន់ សម្រាប់ការបោះឆ្នោតបន្ទាប់នៅឆ្នាំ ២០២៨។ ប៉ុន្តែការស្ទង់មតិបង្ហាញថា រឿងអាស្រូវបាននាំឱ្យការគាំទ្រសម្រាប់រូបលោក និងបក្ស TPP ធ្លាក់ចុះ៕
អត្ថបទ៖ សារ៉ាយ